(បន្ទាយមានជ័យ)៖ មេខ្យល់ម្នាក់លួចដឹកពលករ៥នាក់ តាមម៉ូតូកង់បីបម្រុងលួចឆ្លងដែនទៅរកកាងាធ្វើនៅស្រុកថៃ ដោយខុសច្បាប់ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ស្រុកថ្មពួក ឃាត់ខ្លួន ត្រង់ចំណុចការ៉ាស់សាំង ក្នុងភូមិសាស្ត្រភូមិវល្លិ៍ប្រេង ឃុំគោករមៀត។
ជនសង្ស័យមានឈ្មោះ សៅ ឆដា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបាននៅវេលាម៉ោង ៨៖៣០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
លោកវរសេនីយ៍ទោ ស៊ុន សារឿន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត បានចុះល្បាតខាងលិចរង្វង់មូលបឹងត្រកួន ក៏ប្រទះឃើញប្រជាពលរដ្ឋប្រុស-ស្រី១ក្រុមមានគ្នាចំនួន៥នាក់ ក្នុងនោះក្មេង២នាក់ មានទីលំនៅភូមិប៉ែន ឃុំលៀច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងមានអ្នកបើកម៉ូតូកង់៣មកដឹក។
ដោយមានការសង្ស័យ ក៏សួរនាំ ទើបដឹងថាប្រជាពលរដ្ឋទាំងនោះ មានបំណងឆ្លងដែនទៅថៃដោយមានអ្នកបើកម៉ូតូកង់៣មកទទួលយក។ ក្រោយពីសួរនាំ សមត្ថកិច្ចបានបញ្ជូនប្រជាពលរដ្ឋ និងអ្នកបើកម៉ូតូកង់៣ទៅអធិការដ្ឋាន នគរបាលស្រុកថ្មពួក បន្តសួរនាំ និងមានវិធានការតាមបន្ត។
លោកវរសេនីយ៍ទោ ស៊ុន សារឿន បន្តថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត នគរបាលស្រុកថ្មពួក បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សៅ ឆដា ហើយបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា គេពិតជាមានបំណងដឹកពលករខ្មែរទាំង៥នាក់ ក្នុងនោះក្មេង២នាក់ ឆ្លងទៅប្រទេសថៃរកការងារធ្វើពិតប្រាកដមែន ដោយយកថ្លៃដឹកចំនួន៥០០បាត ក្នុង១នាក់ ដឹកឆ្លងទៅដល់ផ្លូវជាតិក្នុងដីថៃ។
ផ្អែកទៅលើចម្លើយសារភាពជនសង្ស័យ កម្លាំងជំនាញបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។ ដោយឡែក ពលករទាំង៥នាក់ បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារួចឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕