(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រូបលោកមិនដែលទទួលសំណើ ឬការអន្តរាគមន៍ណាមួយពីអ្នករកស៊ីដឹកជញ្ជូនលើសទម្ងន់កំណត់នោះឡើយ បើទោះបីអ្នកដឹកលើសទម្ងន់នោះជាអ្នកមានអំណាច ឬមានក៏ដោយនោះ។
ការដឹកជញ្ជូនលើសទម្ងន់កំណត់ត្រូវបានរកឃើញថាជាមូលហេតុចម្បងមួយដែលនាំឱ្យផ្លូវថ្នល់ឆាប់ខូចខាតទៅវិញ។ រូបមន្តនៃការដឹកជញ្ជូនបានរកឃើញថា រថយន្តមួយគ្រឿង ដែលដឹកលើសទម្ងន់ ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងកំពុងធ្វើចរាចរនៅលើផ្លូវនោះ។ បើរថយន្ត ០១គ្រឿង ដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្ត ៨១មុឺនគ្រឿង បើកបរនៅលើដងផ្លូវ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់នេះ។ បច្ចុប្បន្នក្រសួងមានជញ្ជីងថ្លឹងអចល័តចំនួន ៣៣ទីតាំងតាមផ្លូវជាតិនានា និងជញ្ជីងចល័តចំនួន២ក្រុមបន្ថែមទៀត ដើម្បីទប់ស្កាត់រថយន្តដែលដឹកលើសទម្ងន់កំណត់។ ក្រសួងក៏បាននិងកំពុងរៀបចំប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីចាប់រថយន្តដឹកលើសទម្ងន់ និងលុបបំបាត់អំពើពុករលួយរវាងមន្ត្រីតាមស្ថានីយជញ្ជីង និងអ្នកដឹកលើសទម្ងន់។
ក្នុងសន្និសីទព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគ្រប់គ្រង ទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ក្រុមការងារប្រយុទ្ធប្រឆាំងនឹងការដឹកទំនិញលើសទម្ងន់កំណត់នេះ បានប្រឹងប្រែងណាស់ តែលទ្ធផលមិនទាន់បានល្អប្រសើរទាំងស្រុងនៅឡើយទេ គឺនៅតែមានអ្នកលួចដឹកលើសទម្ងន់កំណត់។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់កំណត់នេះបាន គឺមានតែស្មារតីនៃការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋទាំងអស់គ្នាប៉ុណ្ណោះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដូច្នេះ «ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក៏មិនទាន់បាន ១០០ភាគរយនៅឡើយទេ។ ដូច្នេះការចូលរួមរបស់ប្រជាពលរដ្ឋយើងក្នុងការគោរពច្បាប់នេះ គឺសំខាន់ជាងក្រុមការងារចុះទៅចាប់ទាំងយប់ទាំងថ្ងៃ»។
របាយការណ៍បានបង្ហាញក្នុងរយៈពេលប្រមាណ៩ខែឆ្នាំ២០២១នេះ ក្នុងចំណោមរថយន្ត ១លាន ៨សែនគ្រឿងដែលបានពិនិត្យ គឺរកឃើញរថយន្តដឹកលើសទម្ងន់កំណត់ជិត ៥៨ម៉ឺនគ្រឿង ស្មើនឹងប្រមាណ ៣១ភាគរយ។ ក្នុងនោះរថយន្តដឹកលើសទម្ងន់កំណត់ចាប់ពី ២០ភាគរយឡើងមានជាង ២ពាន់គ្រឿង។
ពាក់ព័ន្ធនឹងការចាប់រថយន្តដឹកទំនិញលើសទម្ងន់កំណត់នេះផងដែរ ក្រុមការងារបង្ក្រាបបទល្មើសដឹកជញ្ជូនលើសទម្ងន់កំណត់តែងតែបង្ហាញពីការលំបាកក្នុងការអនុវត្តការងាររបស់ខ្លួន ព្រោះតែមានអ្នកជាថៅកែក្រុមហ៊ុនដឹកជញ្ជូននោះ ជាអ្នកមានលុយ មានឥទ្ធិពល ឬមានអំណាចជាដើម ស្វែងរកកិច្ចអន្តរាគមន៍ ឬសំឡុតគំរាមផ្សេងៗជាដើម។ តែក្រុមការងារ ក៏ដូចជាលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនបានចុះញមតាមកិច្ចអន្តរាគមន៍ ឬការសំឡុតគំរាមណាមួយនោះឡើយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា «ការខូចខាតផ្លូវនេះ ទោះបីជាឡានរបស់អ្នកមាន អ្នកមានអំណាច ឬអ្នកអត់អំណាច ក៏វាខូចផ្លូវដូចគ្នា។ ផ្លូវហ្នឹងអត់ស្គាល់ថាឡាននេះរបស់អ្នកធំ របស់អ្នកមានអំណាច ឡាននេះរបស់អ្នកក្រីក្រទេ បើដឹកទំនិញលើសទម្ងន់ហើយវាខូចខាតផ្លូវដូចគ្នា»។
លោករដ្ឋមន្ត្រីបន្ថែមថា «យើងខ្ញុំមិនដែលលែងរថយន្តមួយគ្រឿងណាទាល់តែសោះ ដែលមានការអន្តរាគមន៍ពីអ្នកនេះ ឬអ្នកនោះ ឱ្យដោះលែងរថយន្តនោះ»។
សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ បានចេញវិធានការក្តៅដោយសម្រេចចាប់រថយន្តដឹកលើសទម្ងន់កំណត់រក្សាទុករយៈពេលមួយឆ្នាំ បន្ថែមពីលើការពិន័យជាប្រាក់។ រថយន្តដែលចាប់រក្សាទុកនេះ គឺរថយន្តដែលដឹកលើសទម្ងន់កំណត់ចាប់ពី ២០ភាគរយឡើងទៅ។
គិតពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសាធារណាការ និងដឹកជញ្ជូន ចាប់បានរថយន្តដឹកលើសទម្ងន់កំណត់ចំនួន ២២៩គ្រឿងមករក្សាទុក។ ដោយមានការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រថយន្តទាំងនេះត្រូវបានសម្តេចអនុញ្ញាតឱ្យម្ចាស់វិញមុនកាលកំណត់ ដើម្បីយកទៅប្រកបរបរចិញ្ចឹមជីវិត។ ប៉ុន្តែពួកគេត្រូវបង់ការផាកពិន័យជាប្រាក់ដដែល។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ក្រោយពីការដោះលែងដែលជាការអនុគ្រោះរបស់សម្តេចតេជោនេះទៅ ក្រុមការងារទប់ស្កាត់ការដឹកលើសទម្ងន់កំណត់នេះ គឺនៅតែអនុវត្តវិធានការច្បាប់ដដែល ហើយបើមានការចាប់លើកក្រោយ មិនមានការអនុគ្រោះទៀតនោះឡើយ៕