(ភ្នំពេញ)៖ ក្រោយពីរដ្ឋសភាអនុម័តជាស្ថាពរ នូវច្បាប់ស្តីពីសហជីព ដោយសំឡេងគាំទ្រ៦៧ លើ៩៨សំឡេង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ អង្គការអន្តរជាតិខាងការងារ ហៅកាត់ថា ILO បានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើឲ្យរាជរដ្ឋាភិបាល សហជីព និយោជក ផ្តោតការយកចិតទុកដាក់របស់ខ្លួន ដើម្បីអនុវត្តច្បាប់សហជីពថ្មី ឲ្យបានត្រឹមត្រូវ និងមិនលំអៀង។ អង្គការ ILO ថាច្បាប់ស្តីពីសហជីព គឺជាច្បាប់ដំបូងបំផុតចាប់តាំងពី ការអនុវត្តច្បាប់ស្តីពីការងារ នៅក្នុងឆ្នាំ១៩៩៧។
ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ហើយ Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសា បានបញ្ជាក់ថា ការពិគ្រោះយោបល់ដ៏មានប្រសិទ្ធភាព របស់ត្រីភាគីលើយន្តការពិគ្រោះយោបល់ទាំងនោះ នឹងជួយធានាឲ្យបាននូវការយល់ដឹងជារួមអំពីខ្លឹមសារ និងការអនុវត្តរបស់ច្បាប់សហជីព។
ILO បានឲ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០០៨ មកដល់ឆ្នាំ២០១១ ខ្លួនបានផ្តល់ជំនួយ និងផ្តល់យោបល់យ៉ាងទូលំទូលាយ និងបានជួយសម្រួលឲ្យមានកិច្ចពិភាក្សា ជាលក្ខណៈត្រីភាគីជាច្រើនលើកច្រើនសារផងដែរ ទៅលើសេចក្តីព្រាងច្បាប់សហជីពនេះ។ នៅអំឡុងឆ្នាំ២០១៤-២០១៥ ការពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើងជាច្រើនលើកផងដែរ។
ILO ថា មានស្ថាប័នមួយចំនួន ដូចជា គណៈកម្មាធិការស្តីពីការអនុវត្តស្តង់ដារ នឹងជួបប្រជុំក្នុងសម័យប្រជុំនៃសន្និសីទ អន្តរជាតិខាងការងារ នៅក្នុងទីក្រុងសឺណែវ ក្នុងខែមិថុនា ឆ្នាំ២០១៦ ហើយគណៈកម្មាធិការអ្នកជំនាញស្តីពីការអនុវត្ត អនុសញ្ញា និងអនុសាសន៍ និងគណៈកម្មាធិការស្តីពីសេរីភាពនៃការបង្កើតសហគមក៏ គ្រោងនឹងជួបប្រជុំគ្នា នៅខែធ្នូឆ្នាំ ២០១៦។
ស្ថាប័នអន្តរជាតិទាំងនេះ នឹងពិនិត្យមើលច្បាប់សហជីពថ្មីរបស់ប្រទេសកម្ពុជា នៅក្នុងគោលបំណងដើម្បីវាយតម្លៃលើការ គោរពទៅតាមសញ្ញានានា ដែលបានផ្តល់សច្ចាប័ន។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសហជីពមាន ១៧ជំពូក និង៩១មាត្រា ត្រូវបានរៀបចំកែប្រែជាថ្មី ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៦។ ការកែប្រែជាថ្មី ២១ចំណុចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមសហជីព និងនិយោជកបានតវ៉ាសម្តែងការមិនពេញចិត្ត៕