(កំពង់ចាម)៖ អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលកំពុងសម្រាកព្យាបាលនៅវិទ្យាល័យសីហនុ នឹងត្រូវផ្ទេរយកទៅព្យាបាលនៅមន្ទីរពេទ្យថ្មី ស្ថិតក្នុងស្រុកកំពង់សៀម នាពេលបុណ្យភ្ជុំបិណ្ឌរួច។
លោក ឃុន ប្រុស នាយករដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ដូច្នេះនៅថ្ងៃទី១ ខែតុលា ឆ្នាំ ២០២១ ខណៈពេលអមអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារ ចុះពិនិត្យការរៀបចំមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល ស្ថិតនៅក្នុងឃុំក្រឡា ស្រុកកំពង់សៀម។
លោកនាយករដ្ឋបាល បានបញ្ជាក់ទៀតថា ឃ្លាំងពាណិជ្ជកម្មចំនួន៣ ដែលកំពុងរៀបចំធ្វើមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល មកដល់ពេលនេះ ជាទ្ធផលបានស្ទើរតែ១០០ភាគរយហើយ ចំណែកកិច្ចការសេសសល់ គឺខាងជាងកំពុងតែរៀបចំបង្ហើយ នឹងត្រូវផ្ទេរអ្នកជំងឺ ពីវិទ្យាល័យសីហនុ មកព្យាបាលនៅមន្ទីរពេទ្យនេះវិញ ក្រោយបុណ្យភ្ជុំបិណ្ឌខាងមុខផងដែរ ចំណែកវិទ្យាល័យសីហនុ នឹងត្រូវរៀបចំបាញ់ថ្នាំសម្លាប់មេរោគ ប្រគល់ឱ្យសិស្សចូលរៀនវិញ។
គួររំលឹកថា កន្លងទៅនេះរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំឃ្លាំងពាណិជ្ជកម្ម៣ ទីតាំង សម្រាប់ធ្វើជាកន្លែងចត្រាឡីស័ក និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល រួមមាន៖
*ទី១៖ ឃ្លាំង នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្នុងក្រុងកំពង់ចាម ធ្វើជាមណ្ឌលចត្តាឡីស័ក អាចដាក់ប្រជាពលរដ្ឋក្នុងរង្វង់ពី ៨០០ ទៅ ១០០០នាក់
*ទី២៖ ឃ្លាំងនៅក្នុងស្រុកកងមាស ធ្វើជាមណ្ឌលចត្តាឡីស័ក អាចដាក់ប្រជាពលរដ្ឋ ធ្វើចត្តាឡីស័កក្នុងរង្វង់ពី ៨០០ ទៅ ១០០០ នាក់ផងដែរ
*ទី៣៖ ឃ្លាំងចំនួន៣ ស្ថិតក្នុងស្រុកកំពង់សៀម គឺត្រូវបានរៀបចំសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលអាចផ្ទុកអ្នកជំងឺបានក្នុងរង្វង់ជិត ១០០០នាក់៕