Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ កន្លែងធ្វើការថ្មីល្អ វាមិនទាន់គ្រប់គ្រាន់ទេ សំខាន់ការងារល្អទើបគ្រប់គ្រាន់

05-04-2016 11:16

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែមេសានេះ បានថ្លែងជំរុញឲ្យមន្ត្រីរាជការខិតខំបំពេញ ការងាររបស់ខ្លួនឲ្យបានល្អ ដោយមិនមែនគិតតែកន្លែងធ្វើការល្អ អគារធ្វើការថ្មី គ្រប់គ្រាន់នោះទេ សំខាន់ គឺត្រូវបំពេញការងារល្អទើបគ្រប់គ្រាន់។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាស ដែលសម្តេចអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសុំយកឱកាសនេះ ជម្រាបថា កន្លែងថ្មីហើយ ល្អហើយ ក៏ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ កិច្ចការល្អទើបវាគ្រប់គ្រាន់។ សូមកុំភ្លេច ពេលដែលយើងពិបាកបំផុត នាទសវត្សរ៍៨០ ឆ្នាំ១៩៧៩ កន្លែងធ្វើការរបស់មន្ត្រីរបស់យើង ដំណាក់កាលនោះលំបាកណាស់ ប៉ុន្តែប្រសិទ្ធភាពការងារខ្ពស់ បើសិនការងារមិនមានប្រសិទ្ធភាពខ្ពស់ នៅពេលនោះទេ អាពត (ប៉ុល ពត) វាយដួលបាត់ហើយ»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យមន្រ្តីទាំងអស់ ត្រូវប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ កុំបង្កឲ្យមាន​ភាពថ្នាំងថ្នាក់ដល់​ប្រជាពលរដ្ឋ៕