(បន្ទាយមានជ័យ)៖ គិតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ស្រុកក្រុងចំនួន៩ របស់ខេត្តបន្ទាយមានជ័យ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងទឹកហូរពីប្រទេសថៃ ធ្វើឱ្យប៉ះពាល់ប្រជាដល់ពលរដ្ឋជាង១ម៉ឺន ហើយជាង១ពាន់គ្រួសារ ត្រូវបានជម្លៀសទៅទួលសុវត្ថិភាព ព្រមទាំងបង្កផលប៉ពាល់ដំណាំ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋបាលខេត្ត និងលេខាធិការដ្ឋានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។
របាយការណ៍បានបញ្ជាក់ថា គិតពីថ្ងៃទី២០ ដល់ដល់ត្រឹមល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ទឹកជំនន់ទឹកភ្លៀង និងទឹកហូរមកពីប្រទេសថៃ ប៉ះពាល់ក្រុងស្រុកចំនួន៩រួមមាន៖ ស្រុកមង្គលបូរី, ក្រុងសិរីសោភ័ណ, ស្រុកអូរជ្រៅ, ក្រុងប៉ោយប៉ែត, ស្រុកម៉ាឡៃ, ស្រុកភ្នំស្រុក, ស្រុកព្រះនេត្រព្រះ, ស្រុកស្វាយចេក និងស្រុកថ្មពួក។
យោងទិន្នន័យរបស់រដ្ឋបាលខេត្ត និងរបស់លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ «ផលប៉ះពាល់មានឃុំ-សង្កាត់ចំនួន៣៨ ក្នុងស្រុក ក្រុងទាំង៩ ប្រជាពលរដ្ឋរងគ្រោះមាន ១៨,៧១៥គ្រួសារ, ប៉ះពាល់ខ្នងផ្ទះ មនុស្ស៧៩,៨២៨នាក់ ស្រី៤០,៥២៩នាក់ និងជម្លៀសទៅទួលសុវត្ថិភាព ១,១៥០គ្រួសារ កើនជាង ២៣៤គ្រួសារ មនុស្ស ៤,១០០នាក់ កើនលើសមានចំនួន ១,០៨៥នាក់ ស្ត្រី១,៩២៧នាក់ កើន២៦៨នាក់ និងកុមារ១,១៨៨នាក់ កើន២៧១នាក់»។
ទឹកជំនន់បង្កផលប៉ះពាល់លិចស្រូវកើនដល់ប្រមាណ២៥,២២៣ហិកតា, ដំឡូងមី២២ហិកតា និងដំណាំរួមផ្សំប្រមាណ៧៩ហិកតាសត្វពាហនៈ១០៣ក្បាល។ ចំណែកហេដ្ឋារចនាសម្ព័ន្ធរងផលប៉ះពាល់ លិចសាលាចំនួន២៦កន្លែង, វត្តអារាមចំនួន៩, មណ្ឌលសុខភាពចំនួន២, ទឹកហូរកាត់ផ្លូវ៥៤១ខ្សែ ប្រវែង ២២៧,៣៣ ម៉ែត្រ។ ចំពោះប្រជាជនដែលកំពុងស្នាក់នៅទួលសុវត្ថិភាពបានទទួលស្បៀងសង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រប់ចំនួនហើយផងដែរ។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បានប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋទាំងការជម្លៀស និងរៀបចំស្បៀងអាហារបណ្តោះអាសន្នជូនដល់ពួកគេ៕