(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ ហើយជំនួបនេះធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺលោក ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណកម្ពុជាដែលបានគាំទ្រកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្ដ្រាលីលើកទី១ ដែលគ្រោងប្រព្រឹត្តិទៅនៅខែតុលា ឆ្នាំ២០២១នេះ។ អំពីបញ្ហានាវាមុជទឹក លោកឯកអគ្គរដ្ឋទូតបានលើកថា នៅពេលអនាគតឆាប់ៗខាងមុខនេះ អូស្ត្រាលីនឹងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប៉ុន្ដែមិនបំពាក់អាវុធនុយក្លេអ៊ែរទេ។
ចំពោះបញ្ហាសមុទ្រចិនខាងត្បូង លោកឯកអគ្គរដ្ឋទូត បានជំរុញឲ្យគ្រប់ភាគីជម្លោះទាំងអស់ដោះស្រាយតាមច្បាប់អន្ដរជាតិ UNCLO ហើយអំពីបញ្ហានៅប្រទេសមីយ៉ាន់ម៉ា លោកបានលើកយកឧទាហរណ៍របស់កម្ពុជា ក្នុងការដោះស្រាយជម្លោះក្រោមគោលនយោបាយឈ្នះ-ឈ្នះ «របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា» ដើម្បីជួយដោះស្រាយវិបត្តិបនៅប្រទេសនេះ។ ដោយសារឆ្នាំក្រោយកម្ពុជាធ្វើជាប្រធានអាស៊ាន លោកឯកអគ្គរដ្ឋទូតបានលើកថា បេសកជនពិសេសរបស់កម្ពុជាមានតួនាទីសំខាន់ណាស់។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានថ្លែងអំណរគុណអូស្រ្តាលី ដែលតែងតែបានផ្តល់ជំនួយមកកម្ពុជា និងអាស៊ាន ជាពិសេសការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ។ លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន លើកទី៣នៅឆ្នាំ២០២២ កម្ពុជានឹងផ្តល់អាទិភាពលើការពង្រឹងឯកភាពអាស៊ានតួនាទីស្នូល របស់អាស៊ាន និងធានារក្សាឱ្យបាននូវ សន្តិភាព និងស្ថេរភាពក្នុងតំបន់ ព្រមទាំងដើម្បីពង្រឹងនិម្មាបនកម្មតំបន់អាស៊ាន។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបង្ហាញក្តីសង្ឃឹមថាអាស៊ាន និងចិនអាចសំរេចបាន «ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង(COC)» ដើម្បីជៀសវាងជម្លោះនៅសមុទ្រចិនខាងត្បូង។ ក្នុងឱកាសកិច្ចប្រជុំកំពូលនេះដែរ អាស៊ានអាចនឹងចេញសេចក្ដីរំលឹកខួប អនុស្សាវរីយ៍ ២០ឆ្នាំនៃ «សេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង(DOC)»។ លោកឧបនាយករដ្ឋមន្ត្រី បានពន្យល់ពីការខិតខំរបស់កម្ពុជានៅឆ្នាំ២០០២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី១ សម្រេចបាន DOC ដើម្បីជៀសវាងជម្លោះនៅសមុទ្រចិនខាងត្បូង ដែលសព្វថ្ងៃ ២០ឆ្នាំក្រោយភាគីពាក់ព័ន្ធនៅតែទាមទារអនុវត្តន៍ DOC នេះ ឲ្យបានពេញលេញ។
លោកបន្តថា «នៅឆ្នាំ២០១២ ពេលកម្ពុជាធ្វើប្រធានអាស៊ានលើកទី២ យើងខិតខំឲ្យមានការចាប់ផ្ដើម ការចរចា «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់» ដែលពាក្យកាត់ហៅថា RCEP ដែលមានប្រទេសអាស៊ានទាំង10 និងអូស្រ្តាលី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និងណូវែលហ្សេឡង់។ RCEP នឹងផ្តល់ផលប្រយោជន៍ដ៏មានសក្តានុពលក្នុងធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៉ីជម្រៅរវាងបណ្តាប្រទេសដែលចូលរួម RCEP នេះ ដើម្បីឱ្យធុរកិច្ចអាចដំណើរការកាន់តែប្រកបដោយប្រសិទ្ធិភាព និងសមត្ថភាព ទូទាំងតំបន់»។
ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាយល់ឃើញថា សមុទ្រចិនខាងត្បូងគួរជា សមុទ្រប្រកបដោយសន្តិភាព និងស្ថិរភាព ដោយមានសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ នៅតំបន់សមុទ្រចិនខាងត្បូង។ បណ្តាប្រទេសដែលទាមទារអធិបតេយ្យភាពក្នុងសមុទ្រចិនខាងត្បូង គួរតែដោះស្រាយបញ្ហាទាមទារអធិបតេយ្យភាពដោយសន្ដិភាពស្របតាមច្បាប់អន្ដរជាតិ។ សង្ឃឹមថាអាស៊ាននិងចិនបន្តការចរចា ដើម្បីសំរេចបាន COC ក្នុងពេលឆាប់ៗ ដែលការចរចាបានសម្រេចជិតបញ្ចប់ហើយ។
ចំពោះបញ្ហាឥណ្ឌូ-ប៉ាស៉ីហ្វិក លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកថា កម្ពុជាគំាទ្រ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៉ីហ្វិក (ASEAN Outlook on Indo-Pacific) ដើម្បីធានានូវសន្តិភាព ស្ថេរភាព និងសន្តិសុខ ក្នុងតំបន់និងជាគំនិតផ្ដួចផ្ដើមបរិយាប័ន្ន និងបំពេញបន្ថែមលើនិម្មាបនកម្មតំបន់អាស៊ាន(ASEAN Regional Architecture)។ ទាក់ទងនឹងបញ្ហានាវាមុជទឹកនុយក្លេអ៊ែរនៅអូស្រ្ដាលី (AUKUS) ថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថានឹងមិនបណ្ដាលឲ្យមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់អាស៉ីទេ៕