(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុនី និងលោកស្រី ម៉េង វ៉ាន់ដានីន នាំយកទៅប្រគល់ជូនកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ សម្រាប់ផ្គត់ផ្គង់ក្នុងឱកាសពិធីបុណ្យ ភ្ជុំបិណ្ឌ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពិសេសបន្តកិច្ចការពារបូរណភាពទឹកដី។
ការចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយនាឱកាសនោះ មានការចូលរួមពីសំណាក់ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត។
លោក ជាម ច័ន្ទសោភ័ណ បានថ្លែងកោតសរសើរ អរគុណដល់ទឹកចិត្តរបស់កម្លាំងយោធា នៃតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ ការពារបូរណភាពទឹកដី គាំទ្រឥតងាករេរ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា តាមតួនាទី ភារកិច្ច ទាំងយប់ ទាំងថ្ងៃយ៉ាងខ្ជាប់ខ្ជួន។
លោក អភិបាលខេត្ត បានថ្លែងទៅកាន់កងកម្លាំងយោធានាឱកាសនោះ ត្រូវបំរើរាស្ត្រដោយស្មោះត្រង់យកចិត្តទុកដាក់តាមបន្ទាត់ព្រំដែនប្រវែង ១៣៤គីឡូម៉ែត្រ មិនឱ្យបុគ្គលណា ឬប្រទេសណាឈ្លានពានទឹកដី នេះជាកតព្វកិច្ចកងកម្លាំង បន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ មិនឱ្យមានការចលាចលក្នុងមូលដ្ឋាន ដោយអនុវត្តន៍តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ពិសេសបន្តការពារប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាកត្តាអាទិភាព។
លោក ជាម ច័ន្ទសោភ័ណ សង្ឃឹមយ៉ាងមុតមាំថា កងកម្លាំងយោធាយើងទាំងអស់បន្តឈរយ៉ាងរឹងមាំការពារទឹកដី និងត្រៀមកម្លាំងអន្តរាគមន៍ នៅពេលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្រូវការ បូករួមទាំងកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថដូចគ្នា។
បន្ថែមពីនេះទៀត ចំពោះអំណោយនាំយកទៅផ្តល់ជូនរួមមាន៖ អង្ករចំនួន ០២តោន, ទឹកសុទ្ធ ២០០កេស, មី១០០កេស, ម៉ាស់ ៥០០០ម៉ាស់, អាល់កុល១៥០លីត្រ, បន្លែ១៨០គីឡូក្រាម និងថវិកាមួយចំនួន៕