(ភ្នំពេញ)៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ជនរួមជាតិ ចូលរួមធ្វើបុណ្យ ដាក់ទាន ជួយទំនុកបម្រុង និងថែរក្សាជនចាស់ជរា ដែលគ្មានទីពឹងឱ្យបានល្អទាំងផ្លូវកាយ និងផ្លូវចិត្ត និងចូលរួមបណ្តុះស្មារតីប្រកបដោយគុណធម៌ដ៏មានតម្លៃនេះ ដល់កូនចៅជំនាន់ក្រោយៗ ចូលរួមប្រតិបត្តិជារហូតទៅ។

ការអំពាវនាវរបស់ សម្តេចប្រធានរដ្ឋសភា បានធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ ដែលជា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ដែលរៀបចំធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ គាំពារសុខុមាលភាពមនុស្សចាស់ នៅក្នុងសង្គមជាតិយើងឱ្យកាន់តែប្រសើរឡើង។

តាមរយៈបណ្តាញសង្គម Facebook សម្ដេច ហេង សំរិន បានបញ្ជាក់ថា នៅក្នុងសង្គមខ្មែរ យើងមានវប្បធម៌ប្រពៃណីតាំងពីយូរលង់មកហើយ ក្នុងការគោរពប្រណិបត្តិ និងផ្តល់តម្លៃចំពោះមនុស្សចាស់ ដែលជាមាតាបិតា សាស្រ្តាចារ្យ បុព្វការីជននៅគ្រប់មជ្ឈដ្ឋានទាំងក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។ ទិវាមនុស្សចាស់ឆ្នាំនេះ ប្រារព្ធឡើង នៅចំពេលដែលប្រទេសកម្ពុជាយើងរៀបចំកំពុងរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ ក្នុងគោលបំណងតបស្នងសងគុណចំពោះមាតាបិតា បុព្វការីជន ទោះអស់លោកបានទទួលមរណកាលក្តី នៅមានជន្មាយុក្តី។

សម្តេចបានបន្តទៀតថា រដ្ឋសភា បានតាក់តែង និងអនុម័តច្បាប់ ដែលជាបទដ្ឋានគតិយុត្តសំខាន់ៗ ជាច្រើននៅក្នុងការគាំពារ លើកកម្ពស់គុណតម្លៃមនុស្សចាស់នៅក្នុងសង្គមជាតិ។ ដោយឡែករាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ និងកម្មវិធីសំខាន់នានាដើម្បីគាំពារ និងលើកកម្ពស់ដល់មនុស្សចាស់។ក្នុងនោះ គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពីមនុស្សចាស់ឆ្នាំ ២០១៧-២០៣០ និងកម្មវិធីផ្សេងៗ សម្រាប់ជួយលើកកម្ពស់សុខុមាលភាពមនុស្សចាស់ របស់រាជរដ្ឋាភិបាល បានដាក់ចេញដើម្បីធ្វើឱ្យប្រាកដថាសុខុមាលភាព និងតម្រូវការនានារបស់មនុស្សចាស់នឹងបានឆ្លើយតបដោះស្រាយកាន់តែល្អប្រសើរជាលំដាប់។

បន្ថែមពីនេះ ក្នុងកំឡុងពេលនៃការរាតត្បាតជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានគិតគូរខ្ពស់ចំពោះសុខភាព និងសុខុមាលភាពរបស់មនុស្ស ដោយបានផ្តល់ការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ជាអាទិភាពដល់មនុស្សចាស់ទាំងអស់។

«យើងបានចាត់ទុកទិវាមនុស្សចាស់ ជាទិវាបុណ្យរំលឹកដល់គុណូបការៈចំពោះបុព្វការីជន នៅគ្រប់ជំនាន់ដែលបានកសាងនិងបន្សល់ទុកនូវកេរ្តិ៍មរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗទៀត»។នេះបើតាមការបញ្ជាក់របស់ សម្តេច ហេង សំរិន។

ឆ្លៀតឱកាសនេះ សម្តេចក៏បានថ្វាយពរ និងជូនពរដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជនរួមជាតិគ្រប់រូប នៅក្នុងឱកាសភ្ជុំបិណ្ឌនេះ បានប្រកបដោយពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕