(ព្រៃវែង)៖ លោក អ៉ីវ លាង អគ្គលេខាធិការរងក្រសួងមហាផ្ទៃ និងជាតំណាងលោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែមេសា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា កសាងអាគារ មួយខ្នងមាន៤បន្ទប់ ទទឹង៨ម៉ែត្រ៣០ និងបណ្តោយ២៨ម៉ែត្រ នៅក្នុងសាលាបឋមសិក្សាបឹងព្រះ ។
សូមបញ្ជាក់ថា ការចំណាយសាងសង់គឺជាជំនួយ សមាគម មិត្តភាពកម្ពុជា ចិន ហឺហ្វី។ ក្រៅពីការផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចក្រឡាហោម ស ខេង និង លោក ព្រំ សុខា រួចមក លោក អ៉ីវ លាង ស្នើសុំការសហការពីសំណាក់ប្រជាពលរដ្ឋ ឲ្យមានការចូលរួមសម្រួល ការសាងសង់ថែទាំ សម្បតិ្តរួមរបស់យើងទាំងអស់គ្នា សំរាប់ការសិក្សារបស់កូនចៅ ទាំងអស់រស់នៅក្នុងឃុំបឹងព្រះ។
លោក អ៉ីវ លាង បានបញ្ជាក់ថា លោកនឹងខិតខំស្វែងរកសប្បុរសជន ក៏ដូចជាដៃគូអភិវឌ្ឍផ្សេងៗទៀត ដើមី្បជួយអភិវឌ្ឍន៍ឃុំបឹងព្រះ ឲ្យកាន់តែរីកចំរើនថែមទៀត។ ជាចុងក្រោយលោកបានថ្លែងអំណរគុណចំពោះការចូលរួម របស់ប្រជាពលរដ្ឋ ទាំងអស់ដែលបានអញ្ជើញចូលរួម និងជាពិសេសចំពោះសមាគមមិត្តភាព កម្ពុជា-ចិន ហឺហ្វី ដែលបានផ្តល់អំណោយនេះ សម្រាប់ឃុំបឹងព្រះរបស់យើង ដែលនេះជាសក្ខីភាពបញ្ជាក់ពី ការរឹតចំណងសាមគ្គីភាពរវាងប្រជាជន នៃប្រទេសយើងទាំងពីរ៕