(ភ្នំពេញ)៖ ការប្រកួតកីឡាអុកចត្រង្គ ស្វែងរកជើងឯក ប្រចាំឆ្នាំ២០១៦ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្នុងឱកាស បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិខាងមុខ បានចាប់ផ្តើមជម្រុះនាព្រឹកថ្ងៃអង្គារ ទី៥ ខែមេសានេះហើយ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ។
នេះជាការប្រកួតវគ្គជម្រុះលើកទី១ ក្នុងចំណោមបេក្ខជនទាំង១២៨នាក់ ដែលបានដាក់ចូលរួមប្រកួត ដោយត្រូវជម្រុះ ១២០នាក់ចេញ យកតែជើងខ្លាំង៨នាក់ប៉ុណ្ណោះ ដើម្បីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ស្វែងរកជើងឯកស្តេចអុកក្នុង ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៦ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប ។
ការប្រកួតជម្រុះនេះដែរ នឹងធ្វើឡើងត្រឹមតែរយៈពេល៤ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៦ ដោយមានសុទ្ធតែជើងខ្លាំងមកពីរាជធានី-ខេត្ត និងស្តេចអុកប្រចាំយុទ្ធនាការបុណ្យសមុទ្រ បុណ្យទន្លេ និងជាពិសេស ស្តេចអុកចត្រង្គ២សម័យកាលជាប់គ្នា ឆ្នាំ២០១៤ ឆ្នាំ២០១៥ ឈាវ បូរ៉ា ក៏បានដាក់ពាក្យចូលរួមប្រកួត វគ្គជម្រុះនេះដែរ ៕