(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានផ្ដាំផ្ញើអភិបាលថ្មីនៃស្រុកវាលវែង និងស្រុកភ្នំក្រវាញ ឱ្យត្រូវខិតខំប្រឹងប្រែងបម្រើរាស្ត្រ និងអនុវត្តច្បាប់ ដាច់ខាតកុំយកទួនាទីទៅធ្វើអាជីវកម្ម បក្ខពួក គ្រួសារនិយម ដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍មន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋ ដែលពួកគាត់តែងតែគោរពស្រឡាញ់ប្រមុខរាជរដ្ឋាភិបាល។

ការថ្លែងបែបនេះគឺក្នុងឱកាសដែលលោកអភិបាលខេត្ត ម៉ៅ ធនិន ព្រមទាំងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តខេត្តពោធិ៍សាត់ បានប្រកាសចូលកាន់តំណែងលោក សូ សាហុង ជាអភិបាលស្រុកវាលវែង និងលោក ហេង សុភាណា ជាអភិបាលស្រុកភ្នំក្រវាញ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ លោក សូ សាហុង ត្រូវបានផ្ទេរពីអភិបាលស្រុកភ្នំក្រវាញ ឱ្យទៅកាន់មុខតំណែងជាអភិបាលស្រុកវាលវែង និងលោក ហេង សុភាណា ត្រូវបានផ្ទេរពីអភិបាលស្រុកវាលវែង ឱ្យទៅកាន់តំណែងជាអភិបាលស្រុកភ្នំក្រវាញ។

លោក ម៉ៅ ធនិន បានឱ្យដឹងថា តួនាទីដែលផ្ដល់ជូននេះ គឺជាអំរែក ម្ខាងរែករាស្រ្ត និងម្ខាងរែកច្បាប់ ដូច្នេះហើយត្រូវយកតួនាទីនេះទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍ និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងត្រូវខិតខំប្រឹងប្រែងបម្រើរាស្ត្រ និងអនុវត្តច្បាប់ ដោយផ្សារភ្ជាប់សុខទុក្ខដល់ខ្នងផ្ទះប្រជាពលរដ្ឋ។

លោកបានផ្ដល់អនុសាសន៍បន្តថា អភិបាលស្រុកទាំងពីរ គប្បីបន្តការយកចិត្តទុកដាក់ក្នុងការបំពេញការងារ ទាំងផ្លូវរដ្ឋ និងទាំងផ្លូវគ្រួសារ ដោយប្រកាន់ភ្ជាប់ព្រហ្មវិហារធម៌ទាំង៤ មានវប្បធម៌សាមគ្គី ចែករំលែកដល់ថ្នាក់ក្រោម។

លោកអភិបាលខេត្តបានហាមប្រាមជាកំហិតថា «កុំយកតួនាទីទៅធ្វើអាជីវកម្ម បក្ខពួក គ្រួសារនិយម ដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍មន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋ ដែលពួកគាត់តែងតែគោរពស្រឡាញ់ប្រមុខរាជរដ្ឋាភិបាលរបស់យើង»

លោកក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តធ្វើការផ្សព្វផ្សាយពីវិធានការ «៣កុំ, ៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសមេរោគបម្លែងថ្មី ប្រភេទ Delta។ ជាមួយគ្នានោះ ត្រូវធ្វើការត្រួតពិនិត្យក្តាប់សភាពការរួមអំពីអ្នកចំណូលថ្មី បន្តពង្រឹងការគ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមចំពោះប្រជាពលរដ្ឋ ព្រោះថាកត្តាមូលដ្ឋានគឺជាកត្តាកំណត់ភាពជោគជ័យទៅថ្ងៃខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ លោកម ម៉ៅ ធនិន ក៏បានប្រគេននូវទេយ្យទានថ្វាយព្រះសង្ឃតាមបណ្តាវត្តក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ដើម្បីធានាដល់ការផ្គត់ផ្គង់ដល់ព្រះសង្ឃទទួលបានចង្ហាន់ និងទេយ្យទានគ្រប់គ្រាន់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ៕