(កំពង់ធំ)៖ ដោយអនុវត្តតាមលិខិតណែនាំរបស់ប្រមុខរដ្ឋាភិបាល លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តវិធានការ «៣កុំ និង ៣ការពារ» ឲ្យបានម៉ឺងម៉ាត់ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

ការអំពាវនាវយ៉ាងដូច្នេះរបស់លោក សុខ លូ ធ្វើឡើងក្នុងពេលឱកាសនាំយកគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃដែលគង្សចាំព្រះវស្សាចំនួន ៣២វត្ត ទូទាំងខេត្តកំពង់ធំ ដែលជួបការខ្វះខាតស្បៀង ក្នុងសកម្មភាព៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៨-៣០ ខែកញ្ញា ឆ្នាំ២០២១។

លោក សុខ លូ បានឱ្យដឹងថា គ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យដែលបាននាំយកមកប្រគេននៅពេលនេះ គឺដើម្បីចូលរួមក្នុងការផ្គត់ផ្គងចង្ហាន់សម្រាប់ព្រះសង្ឃ និងមួយចំនួនទៀតទុកសម្រាប់កសាងក្នុងវត្ត ជាការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ខណៈពេលដែលមានការផ្ទុះជំងឺកូវីដ១៩ និងបានជម្រាបអំពីការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សម្រាប់ឆ្នាំ២០២១ របស់ប្រមុខរាជរដ្ឋាភិបាល។

លោកក៏បានទូលសុំការអធ្យាស្រ័យចំពោះព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់វត្តទាំងអស់ ព្រោះការផ្អាកនេះ គឺធ្វើឡើងដើម្បីធានាក្នុងការជៀសផុតពីការឆ្លងរីករាលដាលពីជំងឺកូដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋទាំងអស់គ្នា។

ទោះយ៉ាងណា លោកអភិបាលខេតត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការសម្របសម្រួលដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានាប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បន្ថែមពីនេះ អាជ្ញាមូលដ្ឋានត្រូវបន្តអប់រំផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាពលដ្ឋឲ្យអនុវត្តនូវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសពលរដ្ឋណាដែលមិនទាន់ចាក់វ៉ាក់សាំងណែនាំសូមទៅចាក់ឲ្យបានគ្រប់គ្នា ដើម្បីការពារមិនឲ្យស្លាប់ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

លោក សុខ លូ បានបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពមានការរីកចម្រើនលើគ្រប់វិស័យ ដូច្នេះពលរដ្ឋត្រូវចូលរួមការពារថែរក្សាតម្លៃនៃសុខសន្តិភាពឱ្យបានស្ថិតស្ថិរគង់វង្សយូរអង្វែង ដើម្បីធានាបាននូវឧត្តមប្រយោជន៍ និងការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនថែមទៀត ហើយសម្តេចតេជោ ហ៊ុន សែន សម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីស្វែងរកវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនគិតថ្លៃ។

គួរបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យដែលបាននាំយកមកប្រគេននៅពេលនេះមាន ៣២វត្ត៖
ក្រុងស្ទឹងសែនចំនួន ៧វត្ត
ស្រុកសន្ទុកចំនួន ២វត្ត
ស្រុកបារាយណ៍ចំនួន ១វត្ត
ស្រុកតាំងគោកចំនួន ២វត្ត
ស្រុកប្រាសាទសំបូរចំនួន ៤វត្ត
ស្រុកសណ្ដាន់ចំនួន ៣វត្ត
ស្រុកប្រាសាទបល្ល័ង្កចំនួន ៤វត្ត
ស្រុកកំពង់ស្វាយចំនួន ៥វត្ត
ស្រុកស្ទោងចំនួន ៤វត្ត៕