(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានចេញដីកាបញ្ឈប់ឲ្យចាប់ខ្លួនលោក យឹម ស៊ីណន អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង និងក្រុមរបស់ខ្លួន (សរុបទាំង១០នាក់) តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩មកម្ល៉េះ។

ការឆ្លើយតបរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ទទួលបាននូវលិខិតរបស់លោក យឹម ស៊ីណន កាលពីនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដោយស្នើសុំ សម្តេចតេជោ ហ៊ុន សែន ឱ្យជួយស្នើដល់អាជ្ញាធរ មានសមត្ថកិច្ច ដកការចោទប្រកាន់ទាំងឡាយមកលើខ្លួន និងបក្ខពួក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍៩វិច្ឆិកា ហើយលិខិតរបស់លោក យឹម ស៊ីណន ត្រូវបានសម្តេចតេជោប្រគល់ជូនទៅលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យមើល និងដោះស្រាយ។

ដីកាបញ្ឈប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ បានចុះហត្ថលេខាដោយលោក កូយ សៅ ចៅក្រមស៊ើបសួរ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩មកម៉្លេះ និងបានសម្រេចបញ្ឈប់ការចាប់ខ្លួនលើបុគ្គលដែលមានឈ្មោះទាំង១០នាក់រួមមាន៖ ១៖ យឹម ស៊ីណន ២៖ មាស ពិសាល ៣៖ រស់ សុផល ៤៖ សុខ រដ្ឋា ៥៖ យ៉ង់ ស៉ីណេត ៦៖ ឈុន ប៊ុនហ៊ា ៧៖ ថុង ហូច ៨៖ ទឹម វណ្ណី ៩៖ ព្រុំ សុខា ១០៖ ព្រីង ឆេង។ ដូច្នេះលោក យឹម ស៊ីណន និងក្រុមរបស់ខ្លួន មានសេរីភាពពេញលេញ ក្នុងការធ្វើដំណើរចូលមកប្រទេសកម្ពុជា។

លោក យឹម ស៊ីណន និងក្រុមរបស់ខ្លួនបានអះអាងតាមលិខិតថា ព្រឹត្តិការណ៍៩វិច្ឆិកា ដឹកនាំដោយ សម រង្ស៉ី ជាទង្វើខុសច្បាប់ទាំងស្រុង និងប្រមាថព្រះមហាក្សត្រ ហើយកន្លងមកក្រុមខ្លួនបានប្រកាសប្រឆាំងលើយុទ្ធនាការនេះ។

នៅក្នុងលិខិតលោក យឹម ស៊ីណន បានបញ្ជាក់ដូច្នេះថា៖ «សូមប្រណិបត្តិសម្តេចពីចម្ងាយ និងសូមសម្តែងនូវបេតិសោមនស្សក្រៃលែង ដែលបានឃើញ សម្តេចស្នើឱ្យមានដកការចោទប្រកាន់ ចំពោះ លោក បណ្ឌិត សេង សារី ។ នេះគឺជាសុភវិនិច្ឆ័យដ៏ត្រឹមត្រូវ គួរឱ្យកោតសរសើរ និងគោរពពីមតិជាតិ និង អន្តរជាតិ។ ក្នុងស្មារតីនេះ ខ្ញុំបាទ និងសហការី ដែលជាសមាជិកចលនាយុវជនចំនួនដប់រូបទៀត ក៏សូមសម្តេចមេត្តាស្នើទៅអាជ្ញាធរមានសមត្ថកិច្ច ឱ្យដកការចោទប្រកាន់ទាំងឡាយដោយក្តីមេត្តា និងការអនុគ្រោះ»

សូមជំរាបថា ព្រឹត្តិការណ៍៩វិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានបង្កើតឡើងដោយ លោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដោយកំណត់ជាពេលវិលត្រឡប់មក ប្រទេសកម្ពុជាវិញ ជាមួយនឹងការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរាជរដ្ឋាភិបាល និងអំពាវនាវឱ្យប្រជាពលរដ្ឋងើបបះបោរ។ ព្រឹត្តិការណ៍នេះ បណ្តាលឱ្យមានការចាប់ខ្លួនអ្នកចូលរួម និងអ្នកគាំទ្រមួយចំនួន៕

ខាងក្រោមជាដីកាបញ្ឈប់ឲ្យចាប់ខ្លួនលោក យឹម ស៊ីណន និងក្រុមរបស់ខ្លួន៖