(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឲ្យរដ្ឋបាលខេត្តជាប់តំបន់ឆ្នេរបន្តយកចិត្តទុកដាក់លើការគ្រប់គ្រងគោលដៅ ទេសចរណ៍សុវត្ថិភាព តាមស្ដង់ដាបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីឲ្យបានហ្មត់ចត់ ដើម្បីជំរុញចលនាទេសចរ ក្នុងស្រុក និងត្រៀមទទួលទេសចរអន្តរជាតិនាពេលខាងមុខ។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី ថោង ខុន ធ្វើឡើងក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០៣៥ នៅសាលាខេត្តកែប និងបន្តចុះត្រួតពិនិត្យសកម្មភាពសាងសង់ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» ដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត និងចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច នៅក្នុងតំបន់រមណីយដ្ឋានអេកូទេសចរណ៍ពាមក្រសោប ខេត្តកោះកុង រមណីយដ្ឋានទេសចរណ៍វត្តភ្នំសរសៀ ខេត្តកែប និងរមណីយដ្ឋានទេសចរណ៍ភ្នំកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងឱកាសចូលរួមពិធីទាំងបីខាងលើនេះ លោករដ្ឋមន្ត្រី ថោង ខុន បានជំរុញឲ្យអភិបាលខេត្តកែប អភិបាលខេត្តកំពត ព្រមទាំងរដ្ឋបាលខេត្តជាប់តំបន់ឆ្នេរផ្សេងទៀត បន្តយកចិត្តទុកដាក់លើការគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពតាមស្ដង់ដាបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីឲ្យបានហ្មត់ចត់ ដើម្បីជំរុញចលនាទេសចរក្នុងស្រុក និងត្រៀមទទួលទេសចរអន្តរជាតិនាពេលខាងមុខ។

លោករដ្ឋមន្ត្រីក៏បានណែនាំរដ្ឋបាលទាំងបួននេះត្រូវវាយតម្លៃគោលដៅទេសចរណ៍សុវត្ថិភាពឲ្យបានច្បាស់លាស់ ទៅតាមសូចនាករទាំង ៤ ដែលក្រសួងទេសចរណ៍ បានដាក់ចេញមានដូចជា អត្រាចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ អត្រាឆ្លងជំងឺកូវីដ-១៩ ការគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាព និងការអនុវត្តស្តង់ដាបច្ចុប្បន្នភាព វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី។

លោក ថោង ខុន បានណែនាំបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានហ្មត់ចត់ ពង្រឹងការពាក់ម៉ាស់ លាងដៃនឹងទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាព ជាការចាំបាច់។

លោកថាធ្វើដូច្នេះទើបប្រជាជនកម្ពុជាអាចរៀនរស់បានជាមួយដំណាក់កាលវិបត្តិកូវីដបាន មានន័យថា អាចធ្វើអាជីវកម្មបានផង ការពារទប់ស្កាត់ការចម្លងមេរោគកូវីដបានផង។

សូមជម្រាបថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅក្រសួងទេសចរណ៍បានប្រកាសដាក់ឱ្យអនុវត្តបទដ្ឋានគតិយុត្តិ «ការធ្វើបច្ចុប្បន្នភាពនៃកាអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី» សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ដែលកំពុងធ្វើសកម្មភាព រួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

លោករដ្ឋមន្ត្រី ថោង ខុន ក៏ធ្លាប់បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រកាសបើកទទួលទេសចរអន្តរជាតិជាផ្លូវការនាពេលឆាប់ៗខាងមុខនេះដែរ៕