(កំពត)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ និងមានការចូលរួមពីលោកស្រី លាង ហៃ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត នាំយកទេយ្យវត្ថុ វេរប្រគេន ព្រះសង្ឃ គង់នៅវត្តស្នំប្រាំពីរ ភូមិស្នំប្រាំពីរ ឃុំបាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងឱកាសនោះ ព្រះសាគររង្សី គីម សំបូរ ព្រះបាឡាត់គណខេត្តកំពត និងជាព្រះចៅអធិការវត្តស្នំប្រាំពីរ បានមានសង្ឃដីកា ថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ដយកចិត្ដទុកដាក់គ្រប់ពេលវេលា តែងតែខ្វាយខ្វល់ ពីសុខទុក្ខផលពិបាកនានា និងជួយដោះស្រាយសម្រាលការការលំបាករបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា។

ទន្ទឹមនឹងនោះ ព្រះអង្គបានជូនមហាបុណ្យកុសលនេះដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមគ្រួសារ សូមជួបប្រទះតែនឹង ព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ លើសពីនោះ សូមឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាមាតា បិតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ព្រមទាំងកូនប្រុស ហ៊ុន កំសត់ របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត និងឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ ជីដូន ជីតា រួមទាំងញាតិការទាំងប្រាំពីរសន្តាន ដែលបានចែកឋាន ទៅកាន់បរលោក។

សម្រាប់ទេយ្យវត្ថុដែលកាកបាទក្រហមកម្ពុជា ប្រគេនព្រះសង្ឃរួមមាន៖ អង្ករ ២តោន, មី ១០កេស, ត្រីខ ៥កេស, ទឹក្រូច ១០កេស, មៀនកំប៉ុង ២កេស, ទឹកដោះគោខាប់ ២០កេស, អូវ៉ាន់ទីន ២កេស, ស្ករស ២៥គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកបរិសុទ្ធ ២០កេស, ត្រីងៀត ១០គីឡូក្រាម, សាច់ក្រក ១០គីឡូក្រាម, នំអន្សម ១កន្ត្រក, ជែល ៣កេស, ម៉ាស់ ១កេស និងបច្ច័យ ១០,០០០,០០០រៀល។ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ប្រគេនបច្ច័យ ១,០០០,០០០រៀល។ ដោយឡែកព្រះចៅអធិការវត្ត ប្រគេន សាដក១ និងបច្ច័យ ២,០០០,០០០រៀល ព្រះសង្ឃ ២០អង្គ ក្នុងមួយអង្គ ប្រគេនសាដក១ និងបច្ច័យ ២០០,០០០រៀល៕