Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ប្រាប់លោក សាំ ពិសិដ្ឋ បង្កើនការជួសជុលផ្លូវខូចក្នុងរាជធានីភ្នំពេញ

05-04-2016 10:01

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានក្រើនរំលឹក និងជំរុញឲ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ បង្កើនការជួសជុលផ្លូវខូចនៅក្នុងរាជធានីភ្នំពេញ ដោយមិនត្រូវគិតតែពីសាងសង់ផ្លូវអាកាស និងផ្លូវថ្មីនោះទេ។

ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីមានការរិះគន់របស់ប្រជាពលរដ្ឋ ក៏ដូចជាការសង្កេតរបស់សម្តេចផ្ទាល់ឃើញថា ផ្លូវ ដែលខូចមួយចំនួននៅក្នុងរាជធានីភ្នំពេញ ហាក់មានភាពយឺតយ៉ាវក្នុងការជួសជុល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់បែបនេះ «ខ្ញុំមានការងឿងឆ្ងល់មួយសូមនិយាយជាសាធារណៈតែម្តង រឿងឆ្ងល់ត្រង់ថា អាផ្លូវចេះតែធ្វើ តែត្រង់ជួសជុល វាមិនសូវជួសជុល។ សេនាធិការ គឺប្រធានសាធារណការ សម្រាប់អភិបាលក្រុង តែភ្នែកមានបានមើលទេ អាផ្លូវ ពេលខ្លះដល់ខ្ញុំហៅទូរស័ព្ទរកអភិបាលក្រុងថា នែកអាផ្លូវកន្លែងនេះ! វាអ៊ីចេះ វាអ៊ីចុះ! មើល! ប្រធានសាធារណការ អនុប្រធានសាធារណការ លោកអភិបាលខណ្ឌអីទៅណាអស់ទៅ កន្លែងខ្លះថ្ងៃហ្នឹងវាខូចប៉ុណ្ណឹង ប៉ុនចានចង្កឹះ ស្អែកវាខូចប៉ុនចានគោម ខានស្អែកវាខូចប៉ុនឆ្នាំងខ្ទះ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឲ្យលោក សាំ ពិសិដ្ឋ ឧស្សាហ៍ដើរមើលផ្លូវនៅក្នុងក្រុង ប្រយ័ត្នអស់បុណ្យអស់ស័ក្តិ។ សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា សម្តេចបានឈឺក្បាលខ្លាំងចំពោះរឿងសាធារណការនេះ៕