(ភ្នំពេញ)៖ លោក វិចទ័រ ហ្សូនា អនុរដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះថា នាពេលបច្ចុប្បន្នកម្ពុជា បានប្រើប្រាស់ថាមពលស្អាត ដែលបានមកពីវារីអគ្គិសនី និងពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់ក្នុងក្របខណ្ឌទូទាំងប្រទេស បានជិត៨០%។
លោក វិចទ័រ ហ្សូនា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរដូវវស្សានេះមានថាមពលស្អាតគ្របដណ្ដប់ពីប្រហែល៨០% ដែលផលិត និងផ្គត់ផ្គង់ ទៅដល់បណ្ដាញជាតិ ក្នុងក្របខណ្ឌឧស្សាហកម្ម, ផ្ទះសម្បែង និងសិប្បកម្មផ្សេងៗ ជាច្រើនទៀត ក្នុងក្របខណ្ឌទូទាំងប្រទេស»។
មន្ដ្រីជាន់ខ្ពស់ក្រសួងរ៉ែ បានគូសបញ្ជាក់ទៀតថា ក្នុងចំណោមថាមពលសរុបជាង៣,០០០មេហ្កាវ៉ាត់ ក្នុងនោះកម្ពុជាមានថាមពលស្អាត សរុបជិត១,៧០០មេហ្កាវ៉ាត់ ដែលបានពីវារីអគ្គិសនី ចំនួន១,៣២៩ មេហ្កាវ៉ាត់ និងពន្លឺព្រះអាទិត្យជាង៣៧០មេហ្កាវ៉ាត់។
លោក វិចទ័រ ហ្សូនា បានឲ្យដឹងថា កម្ពុជា បាននឹងកំពុងសាងសង់ វារីអគ្គិសនីចំនួន២កន្លែង រួមមាន ទី១៖ នៅស្ទឹងពោធិ៍សាត់ អនុភាព៨០មេហ្កាវ៉ាត់ និងមួយទៀតនៅខេត្តកោះកុង វារីអគ្គិសនីតាទៃលើ អនុភាព១៥០មេហ្កាវ៉ាត់។
បន្ថែមពីនោះទៀត លោក វិចទ័រ ហ្សូនា បន្ដថា សម្រាប់គម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ បានភ្ជាប់ទៅបណ្ដាញជាតិ មានចំនួន៣៦០មេហ្កាវ៉ាត់ ហើយកំពុងសាងសង់បន្ថែមចំនួន១២០មេហ្កាវ៉ាត់បន្ថែមទៀត ដែលក្នុងនោះ២០មេហ្កាវ៉ាត់ នៅក្នុងខេត្ដស្វាយរៀង និង១០០មេហ្កាវ៉ាត់ នៅក្នុងខេត្តកំពង់ឆ្នាំង។
មន្ដ្រីជាន់ខ្ពស់ក្រសួងរ៉ែរូបនេះ បានគូសបញ្ជាក់ថា ទិសដៅទៅអនាគត ថាមពលបៃតង ឬក៏ថាមពលស្អាតនេះ មានសារៈសំខាន់ណាស់ ព្រោះវាជួយ ក្នុងការប្រយុទ្ធប្រឆាំង ការកើនឡើងកម្ដៅផែនដី និងការប្រែប្រួលអាកាសធាតុ។
លើសពីនោះទៀត លោក វិចទ័រ ហ្សូនា បានលើកឡើងថា ថាមពលគឺស្នូលនៃការអភិវឌ្ឍន៍ ដូច្នេះថាមពលនឹងចូលរួមក្នុងការកសាងសេដ្ឋកិច្ចជាតិ ហើយជាពិសេស ចូលរួមពន្លឿនលើកកកម្ពស់ការងារ និងរកប្រាក់ចំណូល។
លោក វិចទ័រ ហ្សូនា បានឲ្យដឹងទៀតថា ថាមពលបានចូលរួម ទៅក្នុងការផលិត និងចែកចាយ ធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ច បានដើរទៅមុខ ជាពិសេសថាមពល ដែលផលិតនៅក្នុងស្រុក វាគឺជាសន្ដិសុខមួយ ក្នុងការផ្គត់ផ្គង់ថាមពល និងម្យ៉ាងទៀត ក្រៅពីការផ្គត់ផ្គង់ថាមពល វាបានបង្កើតនូវចរន្ដការងារ ជូនដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបតែអនុម័តឲ្យដំណើរការ នូវក្រុមហ៊ុន SOLAR LONG PV-TECH (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រផលិត និងផ្គុំតម្លើងបន្ទះសូឡា និងគ្រឿងបង្គុំ។
គម្រោងនេះ មានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រាជធានីភ្នំពេញ ដោយមានទុនវិនិយោគ ចំនួន៣០លានដុល្លារអាមេរិក និងបង្កើតការងារ ជូនប្រជាពលរដ្ឋ បានចំនួនប្រមាណ៥០០កន្លែង។
ពាក់ព័ន្ធនឹងគម្រោង ក្រុមហ៊ុនខាងលើ លោក វិចទ័រ ហ្សូនា បានគូសបញ្ជាក់ថា វាជារឿងល្អ ព្រោះកម្ពុជា អាចផលិតនៅក្នុងស្រុក ដែលមានតម្លៃថ្លៃដើម ព្រមទាំងមានការប្រកួតប្រជែងក្នុងការនាំចូល និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋ៕