(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យភាគីអាមេរិកជួយផ្ដល់សម្ភារៈបច្ចេកទេសសម្រាប់ខួងពិនិត្យមើល គុណភាពផ្លូវ ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់កម្ពុជា និងមកវិនិយោគនៅកម្ពុជាដើម្បីចូលរួមអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសផ្លូវជាតិលេខ៤ ដែលសាងសង់ឡើងដោយសហរដ្ឋអាមេរិកនាពេលកន្លងមក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើដូចនេះនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសទទួលជំនួបសម្តែងការគួរសមពីសំណាក់ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅទីស្ដីការ ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាបខេត្តសៀមរាប ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានប្រសើរ ដើម្បីត្រៀមបើកប្រទេសសាជាថ្មីឡើងវិញ នៅពេលស្ថានភាពជំងឺកូវីដ-១៩បានធូរស្បើយ, គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គំនិតផ្តួចផ្តើម កំណែទម្រង់បច្ចុប្បន្នរបស់ក្រសួងប្រកបដោយជោគជ័យ តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងគម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន(JICA) ជូនលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកផងដែរ។
បន្ថែមពីនេះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីការចុះអនុស្សារណៈយោគយល់រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាមួយនឹងវិស័យឯកជន និងសាកលវិទ្យាល័យចិនមួយចំនួន ក្នុងការពង្រឹងធនធានមនុស្សលើវិស័យបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ការបញ្ចប់ការ កសាងផែនការមេជាតិភស្តុភារកម្មកម្ពុជា និងបានស្នើឱ្យភាគីអាមេរិកជួយផ្ដល់គ្រូបង្រៀន និងសហការគ្នាលើការ ពង្រឹងសមត្ថភាពវិស្វករដើម្បីកម្ពុជា មានសមត្ថភាព គ្រប់គ្រាន់ អាចកសាងផ្លូវថ្នល់ស្ពានដោយខ្លួនឯងបានផងដែរ។
លោក Patrick Murphy បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រសួង ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនផងដែរ។
សូមបញ្ជាក់ដែរថា ក្រោយជំនួបសម្តែងការគួរសមរួច លោកទេសរដ្ឋមន្ត្រីបានអញ្ជើញលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិច ចុះពិនិត្យមើលទីតាំង និងសម្ភារៈបរិក្ខារ សម្រាប់ការផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងទីតាំងសំខាន់ៗផ្សេងទៀតរបស់ក្រសួងផងដែរ៕