(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា មន្រ្តីមួយចំនួន ដែលនាំឲ្យភាពអសកម្ម​នៅក្នុងការផ្តល់​សេវាសាធារណៈ​អាចជាអ្នកដែលមាន​និន្នាការបម្រើ​បក្ស​ក្រៅរដ្ឋាភិបាល ហើយសម្តេចបានបញ្ជា​ឲ្យចាប់ខ្លួនមន្រ្តីអសកម្មនោះ ជៀសវាងការបង្កឲ្យខូចកេរ្តិ៍​ឈ្មោះមន្រ្តី​រាជរដ្ឋាភិបាល​ទាំងមូល។

សម្តេចតេជោ បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញ​សម្ពោធដាក់ឲ្យប្រើប្រាស់​អគាររដ្ឋបាលថ្មី នៃសាលារាជធានី​ភ្នំពេញនាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ក្នុងចំណោមមន្រ្តី ៣-៤ពាន់នាក់ មានមន្រ្តីខិលខូចតែ ៤-៥នាក់ប៉ុណ្ណោះ ហើយតាមដឹងមន្រ្តីនោះ គឺមកបក្សនយោបាយ​ផ្សេង»។

បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យមន្រ្តីថ្នាក់ក្រោមជាតិទាំងអស់ ត្រូវប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ កុំបង្កឲ្យមាន​ភាពថ្នាំងថ្នាក់ដល់​ប្រជាពលរដ្ឋ៕