(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងគ្រប់គ្រង ការលក់ផ្លាកលេខពិសេស បានថ្លែងបញ្ជាក់ថា ដើម្បីរក្សាទុកផ្លាកលេខពិសេសផ្ទាល់ខ្លួន ដែលមានការបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ ទុកប្រើប្រាស់ទៅលើរថយន្ត ថ្មីរបស់ខ្លួនមួយផ្សេងទៀត ត្រូវតែអនុវត្តន៍តាមនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ និងត្រូវបង់ថវិកា ដើម្បីរក្សាទុកចំនួន ៤លានរៀល។
លោកស្រី កុយ សុដានី បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងឱកាសជាអធិបតីក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន (MPWT Live Show) ក្រោមប្រធានបទ៖ «ការស្វែងយល់ពីផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងលោក ស៊ុយ សារិទ្ធិ អភិបាលរងសាលារាធានីភ្នំពេញ និងសមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង គ្រប់គ្រងការចុះបញ្ជីលេខពិសេស លេខពិសេសផ្ទាល់ខ្លួន មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។
លោកស្រី កុយ សុដានី បានថ្លែងថា រថយន្តមួយអាចចុះបញ្ជីយានយន្ត បានតែមួយគត់ មិនអាចលើសបានទេ ដោយសារវាជាអត្តសញ្ញាណ របស់រថយន្តដែលអាច ប្រើប្រាស់បានរហូត ទាំងការចុះបញ្ជីលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន ហើយម្ចាស់កម្មសិទ្ធ ក៏អាចមានសិទ្ធស្នើសុំរក្សាផ្លាកលេខទុក នៅពេលលក់រថយន្តទៅ កាន់ម្ចាស់ថ្មី និងរក្សាទុកផ្លាកលេខដើម្បីទុកដាក់រថយន្តថ្មីមួយទៀត ដែលមិនទាន់បានចុះបញ្ជី ដោយត្រូវធ្វើការស្នើទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកស្រីបានបន្ថែមថា ការរក្សាទុកផ្លាកលេខទុកនេះ គឺត្រូវតែអនុវត្តន៍ទៅតាមនិតិវិធីច្បាប់ ឱ្យបានត្រឹមត្រូវ មិនអាចចេះតែដោះទុកខ្លួនឯងបាននោះទេ ដោយម្ចាស់ រថយន្តត្រូវធ្វើការបំពេញពាក្យសុំរក្សាលេខចុះបញ្ជីរថយន្តនេះបាន ហើយតម្លៃនៃការបង់សេវា សម្រាប់រក្សាផ្លាកលេខនេះមានដូចជា លេខពិសេសផ្ទាល់ខ្លួនត្រូវបង់ប្រាក់ ៤,០០០,០០០រៀល និងផ្លាកលេខពិសេស រាជធានីខេត្ត ត្រូវបង់ប្រាក់ចំនួន ៦,០០០,០០០រៀល ដោយមានភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណច្បាប់ដើម ឫថតចំឡង ដោយមានបញ្ជាក់ពីអាជ្ញាធរមានសមត្តកិច្ច និងប័ណ្ណសម្គាល់រថយន្តចាស់ ដែលចង់រក្សាផ្លាកលេខនេះ។
សូមបញ្ជាក់ថា ការដាក់ឱ្យដំណើរការការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដ ក្នុងគោលបំណងផ្តល់ជម្រើសដល់ពលរដ្ឋ ដែលមានលទ្ធភាពអាចជ្រើស រើសផ្លាកលេខ ដែលមានលក្ខណៈពិសេស អាចកម្ម៉ង់តាមការពេញចិត្ត ព្រមទាំងជួយសម្រួលដល់នីតិវិធីនៃការប្រមូលពន្ធថែមទៀតផង។ នេះបង្ហាញឱ្យឃើញពីការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការទិញលេខចុះបញ្ជីរថយន្តដោយងាយស្រួល តាមរយៈប្រព័ន្ធស្វ័យ ប្រវត្តិកម្មនៃយុគសម័យបច្ចេកវិទ្យា។
លក្ខណៈសម្បត្តិរបស់ផ្លាកលេខពិសេសផ្ទាល់ខ្លួន គឺត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី០១ ដល់ ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាលព្រមទាំងមាន QR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយផ្លាកលេខពិសេសនេះ ក៏អាចរក្សាទុកបាន នៅពេលដែលមាន ការផ្ទេរកម្មសិទ្ធិរថយន្តផងដែរ។
ចាប់ពីថ្ងៃបើកឱ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដ ប្រជាពលរដ្ឋកម្ពុជាទាំងអស់អាចធ្វើការជ្រើសរើសផ្លាកលេខរថយន្ត ដែលខ្លួនស្រឡាញ់ តាមរយៈការដាក់ពាក្យស្នើ សុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្ត ដែលមានអាសយដ្ឋាន vehicle.mpwt.gov.kh ដោយគ្រាន់តែប្រើប្រាស់គណនី ដែលខ្លួនមាន ឬតម្កល់ប្រាក់ជាមួយនឹងដៃគូគ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបង្កលក្ខណៈងាយស្រួល តម្លាភាព ទំនុកចិត្ត លឿនរហ័ស និងសុវត្ថិភាពខ្ពស់៕