(ភ្នំពេញ)៖ ការហួសចិត្តព្រោះបានរងនូវអំពីអយុត្តិធម៌ ដែលមិនគួរឲ្យនឹកស្មានដល់របស់ឪពុកក្មេងប្រុសដ៏ឆ្លាតវៃម្នាក់ ដែលទើបតែមានអាយុ៥ឆ្នាំ ត្រូវបានប្រតិកម្មឡើងយ៉ាងឈឺចាប់បំផុត ពីសំណាក់លោក មករា ដែលកំពុងប្រឆាំងដាច់ខាតចំពោះការចេញសាលក្រមយ៉ាងតក់ក្រហល់ ពីសំណាក់សាលាដំបូងរាជធានីភ្នំពេញ ដែលមានចៅក្រម វ៉េង ហ៊ត់ បានធ្វើការទាញហេតុផលដោយផ្ទាល់មាត់ និងបានប្រកាសសាលក្រមលើបណ្តឹងសុំ កែតម្រូវក្រកូល និងឈ្មោះ របស់ក្មេងប្រុសម្នាក់ដោយគ្មានការកោះហៅលោក មករា ដែលជាឪពុកមកសាកសួរសូម្បីតែមួយម៉ាត់។
លោក មករា បានបង្ហាញការខកចិត្តថា ការសម្រេចចេញសាលក្រមរបស់ចៅក្រម វ៉េង ហ៊ត់ យ៉ាងប្រញាប់ប្រញាល់បែបនេះទំនងជាគាត់(ចៅក្រម វ៉េង ហ៊ត់)មានផលប្រយោជន៍ខ្លាំងក្នុងរឿងនេះ ព្រោះបានធ្វើការ ទាញហេតុផលផ្ទាល់មាត់ដោយជឿទៅលើអង្គហេតុប្រឌិត អរូបិយ ផ្តេសផ្តាសរបស់ភាគីអ្នកស្នើសុំ(អតីតភរិយាលោកមករាដែលបានលះលែងគ្នាតាមផ្លូវច្បាប់ជិត១ឆ្នាំមកហើយ) ថាការផ្លាស់ប្តូរ ត្រកូល និងឈ្មោះ កូនប្រុសបង្កើតរបស់លោក គឺធ្វើឲ្យក្មេងមាន សុខភាពល្អ អនាគតល្អ និងជាឈោ្មះល្អប្រសើរ ។ (Sic)
លោក មករា បានលើកឡើងដោយអស់ក្តីជំនឿលើប្រព័ន្ធតុលាការ ពិសេសចំណាត់ការរបស់ចៅក្រម វ៉េង ហ៊ត់ ថា៖ ក្នុងករណីបើខ្ញុំ ឪពុក ម្តាយខ្ញុំចង់ធ្វើមរតកសាសន៍ ប្រទានកម្ម ឬអច្ច័យទាននូវទ្រព្យសម្បត្តិឲ្យទៅកូនខ្ញុំ តើកូនខ្ញុំអាចទទួលបានដែរឬទេ ? បើកូនខ្ញុំត្រូវបានដូរឈ្មោះដោយមិនឲ្យខ្ញុំដឹងបែបនេះនោះ ? ? ? ចៅក្រម វ៉េង ហ៊ត់ សម្រេចចេញសាលក្រមយ៉ាងអថ៌កំបាំង ហើយតល់ក្រហល់ជាទីបំផុត ដោយមិនខ្ចីកោះហៅខ្ញុំទៅសួរសូម្បីតែមួយម៉ាត់ ទោះបីជាអំណាចមេបាត្រូវបានតុលាការបានសម្រេចប្រគល់ ឱ្យទៅអតីតភរិយាខ្ញុំក៏ដោយក៏ខ្ញុំនៅមានសិទ្ធិ និងកាតព្វកិច្ចជាឪពុកដែរ ឬក៏៏ចៅក្រម វ៉េង ហ៊ត់ គិតថាខ្ញុំមិនមានសិទ្ធិនិងកាតព្វកិច្ចជាឪពុក ? ? ?
លោក មករា បានសង្កត់ធ្ងន់បន្ថែមទៀតថា «បើគ្មានការបែកធ្លាយសាលក្រមដោយចៃដន្យ មកដល់ដៃខ្ញុំទេនោះ រហូតដល់ថ្ងៃខ្ញុំស្លាប់ គឺខ្ញុំជាឪពុកពិតជាមិនបានដឹងថា កូនប្រុសតែម្នាក់គត់និងជាទីស្រលាញ់បំផុតរបស់ខ្ញុំត្រូវបានគេផ្លាស់ប្តូរឈ្មោះ និងត្រកូលទេ»។
លោក មករា បានប្រាប់អង្គភាព Fresh News ទៀតថា លោកក៏ជានិស្សិតបញ្ចប់ថ្នាក់ បរិញ្ញាបត្រផែ្នកនីតិសាស្ត្រម្នាក់តាំងពីឆ្នាំ២០០៥ដែរ ហើយលោកបានសិក្សានីតិវិធីអំពីករណីនេះ ដោយក្នុងនាមជាឪពុកដែលមានព្រហ្មវិហារធម៌ ស្រលាញ់កូនស្មើនឹងជីវិត លោកបានបំពេញកាតព្វកិច្ច បង់ប្រាក់អាហារកិច្ច តាមការសម្រេចរបស់តុលាការ ដែលមានចៅក្រម វ៉េង ហ៊ត់ ជាចៅក្រមជំរំុជំរះរឿងក្តីលែងលះក្តីរបស់លោក ។ ប៉ុន្តែលោក មករា បានសម្តែង ការឈឺចាប់ ហើយខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីការ សម្រេចចេញសាលក្រមលេខ ១៨៩ “ទ” ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលចៅក្រម វ៉េង ហ៊ត់ ដែលមិនបានកោះហៅ រូបលោក ជាឪពុកមកសាកសួរ ហើយប្រកាសសាលក្រមដោយមិនឲ្យលោកដឹង ហើយបើគិតតាម ប្រតិទិនថ្ងៃការងារ គឺមានតែរយៈពេលតែប្រាំបួនថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃដាក់ពាក្យបណ្តឹងដល់ ថ្ងៃចេញសាលក្រម ។
លោក មករា បានរិះគន់ធ្ងន់ៗទៅលើចៅក្រម វ៉េង ហ៊ត់ ថា លោកចៅក្រម គឺជាមន្ត្រី ដែលបម្រើការក្នុងវិស័យយុត្តិធម៌ដែលប្រជាជនតែងតែ មានជំនឿថាជួយស្វែងរកយុត្តិធម៌ជួយពួកគេបាន មិនគួរណាចៅក្រម វ៉េង ហ៊ត់ ធ្វើឲ្យប្រជាជនបាត់ជំនឿទុកចិត្តបែបនេះទេ ហើយមិនមែនបាត់ជំនឿតែលើលោកចៅក្រម វ៉េង ហ៊ត់នោះទេ គឺបាត់ជំនឿដល់ប្រព័ន្ធតុលាការទាំងមូលតែម្តងដែលនេះ គឺជាការនាំនូវភាពអាម៉ាស់ជាទីបំផុតដល់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ពាក្យបណ្តឹងសុំដូរឈ្មោះកូនរបស់អតីតប្រពន្ធលោក បានដាក់ចូលទៅសាលាដំបូងរាជធានីភ្នំពេញ មិនដល់ពីរសប្តាហ៍ផង គឺលោកចៅក្រម វ៉េង ហ៊ត់ បានចេញសាលក្រមយ៉ាងប្រញាប់ប្រញាល់ ពោលគឺ សំណុំរឿងលេខ ២១០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ហើយចេញសាលក្រមលេខ ១៨៩ “ទ” ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦។
តាមការឲ្យដឹងក្រៅផ្លូវការពីសំណាក់ចៅក្រមផ្សេងៗ ក៏ដូចជាមេធាវីជាច្រើន ដែលអង្គភាព Fresh News សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ជាគោលការណ៍ការផ្លាស់ប្តូរត្រកូល និងឈ្មោះអាចមិនធ្វើទៅបានទេ លើកលែងតែមានមូលហេតុបីយ៉ាងគឺ៖
ទី១ ឈ្មោះដែលអាចគ្រលាស់មក គឺមានភាពអាក្រក់ស្តាប់និងមិនពិរោះ ឬកែអក្ខរាវិរុទ្ធដែលសរសេរខុស។
ទី២ ឈ្មោះដែលដូចគា្នឬស្រដៀងគ្នាទៅនឹងបុគ្គលដែលមានកេរ្តិ៍ឈ្មោះ និងកិត្តិយសល្អនៅក្នុងសង្គម ឧទាហរណ៍ដូចជា មហាក្សត្រ ឬប្រធានាធិបតី។
ទី៣ ការផ្លាស់ប្តូរត្រកូលនិងឈ្មោះគឺផែ្អកទៅលើការព្រមព្រៀងនិងការឯកភាពរបស់ភាគី ដែលពាក់ព័ន្ធ។
លោក មករា បានបន្តថ្លែងប្រាប់អង្គភាព Fresh News ថា រូបលោកបានដាក់ពាក្យបណ្តឹងប្តឹងប្រឆាំងនឹងសាលក្រមរបស់ សាលាដំបូងរាជធានីភ្នំពេញសំណុំរឿងរដ្ឋប្បវេណីលេខ២១០ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ និងបន្តប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ជាប្រធាន និងបន្តទៅក្រសួងយុត្តិធម៌ដើម្បីជួយស៊ើបអង្កេតករណីខាងលើនេះបន្ថែមទៀត។
ដោយឡែកពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាព Fresh News នៅតែមិនអាចសុំការបំភ្លឺណាមួយជុំវិញបញ្ហានេះ ពីសំណាក់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក វ៉េង ហ៊ត់ បាននៅឡើយទេនៅថ្ងៃនេះ៕