(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញាឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យការអនុវត្តវិធានការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ របស់អាជ្ញាធរស្រុកចំការលើ និងស្រុកស្ទឹងត្រង់។
លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ដោយសារមួយរយៈចុងក្រោយនេះ មានការឆ្លងជំងឺកូវីដ១៩កើនឡើង ក្នុងស្រុកចំការលើ និងស្រុកស្ទឹងត្រង់ គួរឲ្យព្រួយបារម្ភ ជាពិសេសគឺផ្ទុះចេញពីទីប្រជុំជនផ្សារតែម្ដង។ ដូច្នេះហើយ ទើបរដ្ឋបាលខេត្ត បានដាក់វិធានការមួយចំនួន ដើម្បីឲ្យអាជ្ញាធរក្រុង-ស្រុកទាំងអស់ អនុវត្តវត្តទប់ស្កាត់កុំឲ្យជំងឺកូវីដ១៩នេះ រីករាលដាលបន្តទៀត។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានណែនាំអាជ្ញាធរមូលដ្ឋានឲ្យផ្អាក ការធ្វើតេស្តរហ័ស ដោយត្រូវយកសំណាកអ្នកជាប់សង្ស័យទៅពិនិត្យ PCR តាមរយៈម៉ាស៊ីនពិនិត្យក្នុងមន្ទីរពេទ្យខេត្តតែម្តង ដែលប្រើរយៈពេល១ថ្ងៃ នឹងឃើញលទ្ធផល។ សម្រាប់អ្នកសង្ស័យថាឆ្លងប្រភេទ «ដែលតា» ត្រូវបញ្ជូនសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ លទ្ធផលអាចប្រើរយៈពេល៣ថ្ងៃ។
អភិបាលខេត្ត បានណែនាំបន្ថែមថា អាជ្ញាធរមូលដ្ឋានត្រូវចេះស្រាវជ្រាវរកប្រភពមូលហេតុ នៃការឆ្លងឲ្យបានច្បាស់លាស់ និងដាក់វិធានការគ្រប់គ្រងបន្ទាន់ ដោយមន្ត្រីពាក់ព័ន្ធត្រូវសហការរួមគ្នា ធ្វើយ៉ាងណាក៏ដោយ កុំឲ្យជំងឺនេះរាលដាលតទៅទៀត៕