(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សម្រាប់ការងារនៅចំពោះរបស់អាជ្ញាធរមីន គឺការទប់ស្កាត់កុំឱ្យមានពិការភាពបន្តទៀត និងលើកកម្ពស់ជីវភាពរស់នៅជនមានពិការភាព និងក្រុមគ្រួសាររបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។
ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន៣៤នាក់ (ស្លាប់ ១០នាក់ របួស១៨នាក់ និងពិការអវៈយវៈចំនួន៦នាក់) តួលេខនេះបង្ហាញពីការថយចុះ ៣៨% បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ៥៥នាក់។
ការលើកឡើងបែបនេះរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ដែលបានរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ ព្រមទាំងមានការអញ្ជើញចូមរួមពីក្រសួង/ស្ថាប័នពាក់ព័ន្ធ ម្ចាស់ជំនួយ(KOICA, DFAT, New Zealand) ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ (កាកបាទក្រហមកម្ពុជា មូលនិធិជនពិការ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា អង្គការ UNDP, UNICEF, ICRC, H&I, Exceed World Wide, ACCESS, VIC, SBCF, ISU និង GICHD ប្រតិបត្តិរករបោសសម្អាតមីនជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធដទៃទៀត។
សិក្ខាសាលានេះ ប្រព្រឹត្តិទៅក្នុងគោលបំណង ដើម្បីធ្វើការតាមដានសកម្មភាពលើកិច្ចការងារជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាការផ្តល់សេវាកម្មនានាដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្រុមគ្រួសាររបស់ពួកគេ និងជនមានពិការភាពទូទៅពីគ្រប់ភាគីពាក់ព័ន្ធ និងដើម្បីជួយជម្រុញលើកទឹកចិត្តដល់ប្រតិបត្តិករបោសសម្អាតមីនជាតិ និងអន្តរជាតិ ឱ្យគិតគូររៀបចំកម្មវិធីជួយដល់កិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃការរស់នៅ និងបញ្ចូលពួកគេទៅក្នុងសង្គម។
នាឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្តល់នូវទឹកចិត្តអាណិតអាសូរ សណ្តោសប្រណី និងយកចិត្តទុកដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានពិការភាព ដោយពុំឱ្យមានការរើសអើងឡើយ ជាពិសេសជួយដល់ការងារមនុស្សធម៌ដល់ជនមានពិការភាពគ្រប់បែបយ៉ាងតាមរយៈការផ្តល់ជាប្រាក់ឧបត្ថម្ភ ផ្តល់ប័ណ្ណក្រីក្រ ផ្តល់សេវាសុខាភិបាលដោយឥតគិតថ្លៃ ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ដីសង្គមកិច្ច និងការសាងសង់លំនៅដ្ឋានសមរម្យសម្រាប់ពួកគាត់ និងក្រុមគ្រួសារ។
លោកទេសរដ្ឋមន្ត្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ បានបង្កើតនូវច្បាប់លើកកម្ពស់សិទ្ធិជនពិការ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយ និងជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័ន ក៏ជាវិស័យឯកជនទាំងអស់ត្រូវលើកទឹកចិត្ត និងជ្រើសរើសយកបងប្អូនមានពិការភាពឲ្យអាចមានលទ្ធភាពចូលបម្រើការងារ ផងដែរ។
ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រៅជូនចំពោះប្រទេសជាមិត្ត ដែលបានផ្តល់នូវទឹកចិត្តមេត្តាធ៌ម ករុណា ចូលរួមជួយដល់ប្រជាពលរដ្ឋមានពិការភាព ក៏ដូចជាអង្គការសង្គមស៊ីវិលដែលបានជួយដល់ការផលិតអាវយវសិប្បនិមិត្ត និងការគាំពារសុខមាលភាព និងជីវភាពរស់នៅរបស់ពួកគាត់។
លោកទេសរដ្ឋមន្រ្តី តែងតែជំរុញ និងលើកទឹកចិត្តដល់បងប្អូនមានពិការភាព មិនមែនមានន័យថាអសមត្ថភាពទេ ហើយបានបញ្ជាក់បន្ថែមអំពីការងារចំពោះមុខរបស់យើង គឺការទប់ស្កាត់កុំឱ្យមានពិការភាពបន្តទៀត និងលើកកម្ពស់ជីវភាពរស់នៅជនមានពិការភាព និងក្រុមគ្រួសាររបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង ដោយត្រូវ ទី១៖ ជំរុញការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឲ្យអស់ពីប្រទេសកម្ពុជា, ទី២៖ បន្តផ្សព្វផ្សាយអប់រំយល់ដឹងអំពីមីន-សំណល់ជាតិផ្ទុះពីសង្រ្គាម និងទី៣៖ ត្រូវបន្តបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញ និងចំណេះដឹងដល់បងប្អូនមានពិការភាព និងក្រុមគ្រួសារ ដើម្បីឲ្យពួកគាត់មានលទ្ធភាពគ្រប់គ្រាន់។
ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា សិក្ខាសាលានេះ គឺជាវេទិកាសម្រាប់ជួបជុំរវាងអ្នកផ្តល់សេវាកម្មនានា ជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន-សំណល់ជាតិផ្ទុះពីសង្រ្គាម និងអ្នករៀបចំគោលនយោបាយ និងសហគមន៍ផ្តល់ជំនួយបានជួបពិភាក្សាគ្នាលើបញ្ហាប្រឈម ក្នុងការអនុវត្តការងារការចែករំលែកចំណេះដឹង បទពិសោធន៍ និងរួមគ្នាដោះស្រាយបញ្ហា ក្នុងន័យជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន-សំណល់ជាតិផ្ទុះពីសង្រ្គាម ក្រុមគ្រួសាររបស់ពួកគាត់ និងជនមានពិការភាពទូទៅ។
លោកទេសរដ្ឋមន្ត្រី បានសំណូមពរឱ្យអង្គសិក្ខាសាលាទាំងមូល ត្រូវពិភាក្សាគ្នាឱ្យបានផុសផុលដើម្បីទទួលបាននូវធាតុចូលបន្ថែមសម្រាប់រៀបចំគោលនយោបាយ គោលការណ៍ និងកែលំអនូវសកម្មភាពរបស់យើង ក្នុងន័យជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងផ្នែកពិការភាព៕