(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចផ្អាកជាបណ្តោះអាសន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សាខាក្រុងច្បារមន នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រយ់ពេល២សប្តាហ៍ ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
រដ្ឋបាលខេត្ដបានបញ្ជាក់ថា៖ «ត្រូវបានផ្អាកជាបណ្ដោះអាសន្នសកម្មភាពការងាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សាខាក្រុងច្បារមន ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានការឆ្លងរាលដាល់នៃជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១»។
រដ្ឋបាលខេត្ដ បានបញ្ជាក់ថា ចំពោះនិយោជក បុគ្គលិកទាំងអស់ ដែលបម្រើការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត សាខាក្រុងច្បារមន ដូចមានបញ្ជាក់ក្នុងប្រការ១ ខាងលើ ត្រូវចូលរួមសហការជាមួយមន្ត្រីសុំខាភិបាល ដើម្បីផ្តល់សំណាករកមេរោគកូវីដ១៩ នៅទីតាំងដែលមន្ត្រីសុខាភិបាល និងអាជ្ញាធរបានរៀបចំ និងត្រូវធ្វើចម្កាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ និយោជក បុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខាងលើនេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុង ការទប់ស្កាត់ ស្រាវជ្រាវ និងរុករកអ្នកប៉ះពាល់ផ្សេងៗទៀតដើម្បីយកសំណាក។
បន្ថែមពីនេះទៀត រដ្ឋបាលខេត្តបានឱ្យដឹងថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានការផ្អាកជាបណ្ដោះអាសន្ននេះទីតាំង ឬបរិវេណខាងលើត្រូវហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សលើកលែងតែករណីចំបាច់ដូចខាងក្រោម៖
ទី១៖ ការជួបជុំក្នុងចំណោមបុគ្គលិក នៅក្នុងទីតាំងដែលត្រូវផ្តល់សំណាកជាមួយគ្នា
ទី២៖ ការជួបជុំរបស់មន្ត្រីសុខាភិបាល ដើម្បីយកសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកមានជំងឺកូវីដ១៩ និងបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងៗទៀត
និងទី៣៖ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ឬកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងទីតាំង នៃការផ្អាកជាបណ្ដោះអាសន្ននេះ៕
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ៖