(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សម្តេចមិនដែលបំពានការងារដ្ឋមន្រ្តីណាមួយទេ ការលូកដៃរបស់សម្តេច ក៏ដោយសារតែរដ្ឋមន្រ្តីទាំងនោះមិនបានធ្វើការងារតាមតួនាទី និងច្បាប់ ដែលបានកំណត់។
សម្តេចតេជោ ថ្លែងដូច្នេះនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ។ ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងឆ្លើយតបទៅនិងការលើកឡើងមួយចំនួនថា សម្តេចតែងតែប្រមូលយកអំណាចទៅគ្រប់គ្រងដោយខ្លួនឯង។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំមិនដែលបំពានការងារដ្ឋមន្រ្តី សុំតែធ្វើឲ្យបានត្រឹមត្រូវ សុំឲ្យតែអស់លោកធ្វើឲ្យបានត្រូវ»។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា កំពុងតែជំរុញឲ្យរដ្ឋមន្រ្តី ក៏ដូចជាមន្រ្តីរបស់រាជរដ្ឋាភិបាលអនុវត្តឲ្យបានត្រឹមត្រូវទៅតាមច្បាប់៕