(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ មន្រ្តីរាជការ មន្ទីរជុំវិញខេត្ត នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រគេនទេយ្យទាន និងបច្ច័យមួយចំនួនដល់ព្រះសង្ឃគង់នៅតាមវត្តអារាមចំនួន៣២វត្ត ក្នុងខេត្តប៉ៃលិន នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានថ្លែងថា នៅក្នុងបរិការណ៍កូវីដ១៩នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ មកម្ល៉េះ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ និងដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋទាំងអស់គ្នា។
លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា សម្រាប់ប្រជាពលរដ្ឋក៏អាចយកចង្ហាន់ ឬទេយ្យទានទៅប្រគេនព្រះចៅអធិការវត្ត ឬគណៈកម្មការវត្តបានដែរ ក៏ប៉ុន្តែត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយមិនការជួបជុំប្រមូលផ្តុំមនុស្សច្រើន គ្រាន់តែចាត់ចែងតំណាងឃុំ/ភូមិ ចូលរួមហើយបាន។
ជាមួយគ្នានេះ លោកស្រី បាន ស្រីមុំ បានស្នើដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ ព្រមទាំងប្រជាពុទ្ធបរិស័ទទាំងអស់គ្នា សូមមានការយោគយល់អធ្យាស្រ័យអំពីការផ្អាកនូវពិធីបិណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩នេះ មកដល់សហមន៍។
លើសពីនេះទៀត លោកស្រីក៏បានក្រើនរំលឹកអំពាវនាវដល់ព្រះចៅអធិការ និងព្រះសង្ឃគ្រប់អង្គ ប្រជាពលរដ្ឋត្រូវរៀនរស់ក្នុងបរិបទកូវីដ ១៩ និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ និងបន្តរក្សាដោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួនកុំធ្វេសប្រហែស។
សូមបញ្ជាក់ថា ទេយ្យទាន និងទេយ្យវត្ថុដែលនាំទៅប្រគេនជូនវត្តអារាមទាំង៣២វត្តនាពេលនេះរួមមាន៖ អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអីវ, ទឹកសុទ្ធ, ម៉ាស់, អាល់កុល និងបច្ច័យមួយចំនួនផងដែរ៕