(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយ ជូនកងកម្លាំងនគរបាលប្រចាំភូមិភាគ៤ ខេត្តព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦។
នាយឧត្តមសេនីយ៍ នេត សាវឿន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូនដល់កងកម្លាំងទាំងអស់នៅជួរមុខ រួមទាំងគ្រួសារ ជូនពរប្រទះពុទ្ធពរទាំង៤ប្រការ និងសូមឧទ្ទិសចំពោះវិញ្ញាណក្ខន្ធ មន្រ្តីពលីទាំងអស់ សូមទៅកាន់សុគតិភព។
នាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងថា រៀងរាល់ថ្ងៃរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងស្វែងរកជំនួយឧបត្ថម្ភ និងផ្គត់ផ្គង់របបហូបចុក សម្ភារបរិក្ខារ ជូនដល់កងកម្លាំងនគរបាលទាំងអស់ ។ ក្នុងនោះដែរនាយឧត្តមសេនីយ៍ សូមសរសើរលើកទឹកចិត្ត វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះស្មារតី និងការតស៊ូ អំណត់ព្យាយាម ប្រឈមគ្រប់ឧបសគ្គ ក្នុងកិច្ចការពារ នូវស្ថិរភាព សន្តិសុខ និងសន្តិភាពតាមព្រំដែន ឲ្យមានភាពល្អប្រសើរ ។
នាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការគោរពវិន័យ សីលធ៌មរបស់កងកម្លាំង ជាពិសេសត្រូវយកចិត្តទុក្ខដាក់ ដល់មន្រ្តីចូលនិវត្តន៍ ពិការ និងគ្រួសារមន្រ្តីពលី ដើម្បីឲ្យពួកគាត់មានភាពកក់ក្ដៅ ។ នាយឧត្តមសេនីយ៍ ក៏បានសំណូមពរដល់កងកម្លាំង ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសចូលរួមក្នុងបង្រ្កាប បទល្មើសផ្សេងៗ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននៅពេលមានគ្រោះ អាសន្នជាយថាហេតុផងដែរ។
នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលខិតចូលមកដល់នាពេលខាងមុខនេះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជូនពរដល់កម្លាំងនគរបាលទាំងអស់ ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ និងជោគជ័យគ្រប់ភារកិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដី ។
នាយឧត្តមសេនីយ៍ នេត សាវឿន បាននាំយកអំណោយមួយចំនួន ជូនដល់កងកម្លាំងនគរបាលនាពេលនោះ រួមមានថវិការបស់សម្ដេចក្រឡាហោម ស ខេង ឧបត្ថម្ភដល់កងកម្លាំង ១,៥០០នាក់ ក្នុងម្នាក់ថវិកា៥០,០០០រៀល, លោក គង់ វិបុល អគ្គនាយកពន្ធដារ បានឧបត្ថម្ភដល់កងកម្លាំងនគរបាលជាតិ ថវិកា ៥០,០០០,០០០រៀល និងទឹកក្រូច ៥០០ កេស, ឧកញ៉ា ខូវ សម្បត្តិ ឧបត្ថម្ភដល់គណៈបញ្ជាការដ្ឋាន ១៨៧ ថវិកា ២០,០០០,០០០រៀល, នាយឧត្តមសេនីយ៍ នេត សាវឿន ឧបត្ថម្ភ គ្រួសារពលី ពិការ ៣០គ្រួសារ ក្នុងមួយគ្រួសារ ១,០០០,០០០រៀល, និវត្តន៍ជន ១៥នាក់ ក្នុងម្នាក់ ថវិកា ១០០,០០០រៀល, គ្រូពេទ្យ និងអ្នកជំងឺ ២០នាក់ ក្នុងម្នាក់ ថវិកា ៥០,០០០រៀល, គណៈបញ្ជាការដ្ឋាន១៨៧ ថវិកា ២០,០០០,០០០រៀល, ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងឧត្តរមានជ័យ ក្នុងមួយស្នងការដ្ឋាន ថវិកា ៥,០០០,០០០រៀល, អង្គភាពយោធាថវិកា ៥០,០០០,០០០រៀល, កងកិត្តិយស ថវិកា ១,០០០.០០០រៀល និងសម្ភារ ភេសជ្ជៈ និងស្បៀង រួមមាន ស្រាបៀរ១,០០០កេស, មីម៉ាម៉ា ១០០កេសធំ, ត្រីខ ៥០កេស និងសាប៊ូ ៨០កេស៕