Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ ប្រកាសលទ្ធផលកិច្ចប្រជុំបច្ចេកទេសលើកទី៦ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូអនឡាញ

30-09-2021 09:47

(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពី លទ្ធផលកិច្ចប្រជុំបច្ចេកទេសលើកទី៦ បានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ តាមរយៈប្រព័ន្ធ Video Conference និងផ្ទាល់នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី Devyani Uttam Khobragade អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងជាសហប្រធានឥណ្ឌា និងលោក Hu Jian ប្រធានផ្នែកវិទ្យាសាស្ត្រ និងវប្បធម៌ នៃគណៈកម្មការជាតិយូណេស្កូចិន និងជាសហប្រធាន នៃប្រទេសចិន រួមជាមួយតំណាងប្រទេសជាសមាជិកចំនួន៤ទៀតរួមមាន៖ ប៊ែលហ្សិក ជប៉ុន ថៃឡង់ដ៏ និងសហរដ្ឋអាមេរិច។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមប្រជុំ និងបានកោតសរសើរការប្តេជ្ញាចិត្តខ្ពស់របស់សហប្រធានចិន និងឥណ្ឌា និងបណ្តាប្រទេសជាសមាជិក រួមជាមួយអ្នកជំនាញការជាតិរបស់អាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញការអន្តរជាតិ ក្នុងការបំពេញការងារជួសជុល និងអភិរក្សប្រាសាទព្រះវិហារនិងប្រាសាទកោះកេរ ទោះស្ថិតក្នុងស្ថានការណ៍លំបាកដែលរងផល ប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ជាសកលក្តី។

ជាមួយគ្នានេះដែរ លោកស្រីរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា៖ «បច្ចុប្បន្នយើងនឹងទទួលអ្នកជំនាញការ ICOMOS មកពិនិត្យមើលទីតាំងជាក់ស្តែងរបស់ប្រាសាទកោះកេរ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំឯកសារស្នើដាក់បញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក ទៅគណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីដើមឆ្នាំ២០២១ កន្លងមក»

អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្ត្រៃយ៍ ICC-Preah Vihear តែងរៀបចំកិច្ចប្រជុំ ICC-Preah Vihear ចំនួន ២ ដង ក្នុងមួយឆ្នាំ ដែលរួមមានកិច្ចប្រជុំពេញអង្គរៀបចំនៅរៀងរាល់ខែមីនា និងកិច្ចប្រជុំបច្ចេកទេសនៅរៀងរាល់ខែកញ្ញា។

ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ កិច្ចប្រជុំនេះត្រូវបានលើកកាលពីខែមីនា ឆ្នាំ២០២១ មកធ្វើការប្រជុំនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីតាមដានវឌ្ឍនភាពការងាររបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានអនុវត្តក្នុងឆ្នាំ២០២១ កន្លងមក៕