(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សេចក្តីស្នេីច្បាប់លទ្ធិប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១ ឬ Cambodia Democracy Act of 2021 ដែលឆ្លងកាត់សភាជាន់ទាបអាមេរិក នឹងមិនទទួលជោគជ័យនោះទេ ដោយសារតែមានហេតុផល៦ចំណុច។

ការលើកឡើងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានធ្វើឡើងស្របពេលដែលសភាជាន់ទាបសហរដ្ឋអាមេរិក ទេីបនឹងបានអនុម័តច្បាប់ស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលស្នេីឡេីងដោយតំណាងរាស្ត្រ២រូប កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

តាមរយៈទំព័រ Facebook ផ្លូវការបង្ហោះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ លោកបណ្ឌិត សុខ ទូច ការដែលអនុម័តច្បាប់សម្រាប់ដាក់ទណ្ឌកម្មមកលើកម្ពុជា មិនអាចទទួលបានជោគជ័យ រួមមានចំនួន៦ចំណុច៖

ទី១៖ សហរដ្ឋអាមេរិកដឹកនាំដោយប្រព័ន្ធប្រធានាធិបតីនិយម ហើយលោក ចូ បៃឌិន កំពុងតែដើរខកនៅអាហ្វហ្កាសនីស្ថាន ដូច្នេះលោកមិនអាចដើរខកនៅអាស៊ានទៀតនោះទេ ប្រសិនបើលោកដើរខកទាំងពីរករណីនេះ វាគឺជាភាពបរាជ័យរបស់សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់លោក ចូ បៃឌិន។

ទី២៖ ព្រឹទ្ធសភា (សភាជាន់ខ្ពស់) ដើរតួនាទីធំជាងរដ្ឋសភា (សភាជាន់ទាប) ដូច្នេះ សភាអនុម័ត គ្រាន់តែជាជ្រុងមួយប៉ុណ្ណោះ តែព្រឹទ្ធសភាដើរតួនាទីសំខាន់។ រដ្ឋសភាមានសិទ្ធិស្នើសុំទៅទៅព្រឹទ្ធសភា ដោយព្រឹទ្ធសភាគឺជាអ្នកសម្រេចចិត្ត ហេតុនេះវាត្រឹមតែជាសំណើរប៉ុណ្ណោះ ហើយការស្នើមិនសុទ្ធតែទទួលបានជោគជ័យនោះទេ។

ទី៣៖ កម្ពុជានឹងក្លាយទៅជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដូច្នេះ កម្ពុជាជាអ្នកសម្របសម្រួលធំណាស់

ទី៤៖ ពេលណាមិនឱ្យលុយចេញ ដោយហ៊ុមព័ទ្ធសេដ្ឋកិច្ច ឬហ៊ុមព័ទ្ធអ្នកមានលុយកាក់យកទៅប្រើប្រាស់ និងដាក់តម្កល់នៅបរទេសជាការងាយស្រួលសម្រាប់កម្ពុជា ព្រោះកម្ពុជាកំពុងតែត្រូវការទុនវិនិយោគ ហើយអាចវិនិយោគ ដើម្បីបង្កើតការងារក្នុងស្រុក ព្រោះគេមិនអាចយកលុយទៅតម្កល់នៅបរទេសបាន។

ទី៥៖ ភូមិសាស្ត្រនយោបាយ ដែលមហាអំណាចកំពុងរត់ប្រណាំងគ្នា ដោយប្រធានាធិបតីសហរដ្ឋអាម៉េរិកមិនអាចមើលរំលងកម្ពុជានោះទេ ហើយកម្ពុជាក៏ជាសម្ព័ន្ធមិត្តចិននៅក្នុងអាស៊ាន។

និងទី៦៖ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាជាមេដឹកនាំមានវ័យចំណាស់ជាងគេនៅក្នុងអាស៊ាន ដែលប្រកបដោយបទពិសោធច្រើនណាស់សម្រាប់ជាកូនសោរនយោបាយនៅក្នុងអាស៊ាន។ យើងដឹងហើយថា នយោបាយរបស់សហរដ្ឋអាមេរិក គឺសម្លឹងមកអាស៊ី ពិសេសអាស៊ាន ទាំងនយោបាយ ទាំងទីផ្សារ ហើយអាស៊ាន ត្រូវធ្វើការសម្រេចចិត្តទៅលើកិច្ចការណាមួយ ត្រូវផ្អែកលើការសម្រេចដោយឈរលើគោលការណ៍កុងសង់ស៊ីស (សម្រេចជាឯកច្ឆន្ទ) ដូច្នេះ បើសិនសហរដ្ឋអាមេរិកទាត់កម្ពុជាចោលរាល់ការសម្រេចរបស់អាស៊ានត្រូវទុកជាមោឃៈ។

សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្នើស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១នេះ ត្រូវបានស្នើឡើងដោយលោក Steve Chabot អ្នកតំណាងរាស្ត្រ នៃបក្សសាធារណរដ្ឋ ប្រចាំនៅរដ្ឋ Ohio និង លោកAlan Lowenthal អ្នកតំណាងរាស្ត្រ នៃគណបក្សប្រជាធិបតេយ្យ ប្រចាំនៅរដ្ឋ California ដែលមានទំនោរប្រឆាំងចំពោះការដឹកនាំក្នុងប្រទេសកម្ពុជា។

សេចក្តីស្នើច្បាប់នេះ មានគោលបំណងដាក់ទណ្ឌកម្មដូចជា បង្កក់ទ្រព្យសម្បត្តិ ក៏ដូចជាបដិសេធទិដ្ឋាកាចូលទឹកដីអាមេរិកលើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល មន្រ្តីយោធា និងមន្រ្តីសន្តិសុខជាតិកម្ពុជាដែលរកឃើញថាបានធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕