(ភ្នំពេញ)៖ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ (ASEM13) បានដឹកនាំការធ្វើបទបង្ហាញ ស្ដីអំពីការរៀបចំត្រៀមកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ជូនដល់បណ្ដាអង្គទូតនៃប្រទេសដៃគូ ASEM និងស្ថាប័នពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ។

ក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញនេះ ព័ត៌មានសំខាន់ៗ ដូចជាព័ត៌មានទូទៅ ស្ដីពី កម្មវិធី របៀបវារៈ និងព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល រួមនឹងបែបបទរដ្ឋបាល ស្ដីពី បច្ចេកទេសព័ត៌មានវិទ្យា និងផ្នែកសារព័ត៌មាន ត្រូវបានជម្រាបជូនអង្គប្រជុំយ៉ាងលម្អិត ផងដែរ។

សូមជម្រាបថា កិច្ចប្រជុំកំពូល ASEM13 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ចាប់ផ្តើមពីម៉ោង ២ រសៀលតទៅ (ដោយសារពេលវេលាខុសគ្នារវាងទ្វីបអាស៉ី និងអឺរ៉ុប) ក្នុងនោះ ASEM មានការចូលរួមពីថ្នាក់ដឹកនាំ ៥១ប្រទេស និង ២ស្ថាប័នតំបន់ (សហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន) ជាដៃគូ៕