(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចក្រុងហូជីមិញ រៀបចំឲ្យពលរដ្ឋខ្មែរចំនួន ១៨នាក់ ដែលឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើ និងប្រកបរបរចិញ្ជឹមជីវិតនៅទីក្រុងហូជីមិញនោះ បានត្រឡប់ទៅស្រុកកំណើតវិញ ដោយសារជួបបញ្ហាលំបាកក្នុងបរិបទនៃជំងឺកូវីដ-១៩ និងមានជីវភាពខ្វះខាតខ្លាំង។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា មុននឹងចេញដំណើរ គឺពួកគេបានធ្វើតេស្តរកកូវីដ ហើយទទួលលទ្ធផលអវិជ្ជមានទាំង ១៨នាក់។

ស្ថានអគ្គកុងស៊ុលកម្ពុជា ក៏បានរៀបចំរថយន្តដឹកជញ្ជូន និងបានជូនដំណើរពួកគេ ដល់ព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ហើយថែមទាំងបានរៀបចំទឹកសុទ្ធ នំបុ័ងសាច់ជូនសម្រាប់អាហារថ្ងៃត្រង់ ក៏ដូចជាផ្តល់ជូនមីក្នុងមួយគ្រួសារ ១កេស សម្រាប់ហូបក្នុងពេលចត្តាឡីស័កនៅកម្ពុជាផងដែរ។

ទន្ទឹមនេះ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថានអគ្គកុងស៊ុល បានផ្តល់ជំនួយជាគ្រឿងឧបភោគ និងបរិភោគ ដល់ពលរដ្ឋខ្មែរចំនួន ០៣គ្រួសារ នៅក្រុងហូជីមិញ ដែលជួបការលំបាកខ្លាំង ក្នុងកំឡុងពេលដែលអាជ្ញាធរក្រុងអនុវត្តវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕