(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ចុះពន្យល់និងបញ្ជ្រាបការយល់ដឹងបន្ថែមដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន ឲ្យបានស្គាល់តម្លៃនៃសមិទ្ធផលរបស់ជាតិនៅក្នុងមូលរដ្ឋាន និងចូលរួមជួយថែទាំនូវសមិទ្ធផលទាំងនេះឱ្យបានប្រើប្រាស់យូរអង្វែង។

លោក អ៊ុន ចាន់ដា បានលើកឡើងដូចនេះនៅថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២១នេះ ក្នុងឱកាសបិទសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល តាមប្រព័ន្ធវីដេអូ របស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ បន្ទាប់ពីមតិជាច្រើនមានចំណាប់អារម្មណ៍លើការអភិវឌ្ឍន៍ផ្លូវថ្នល់។

លោកអភិបាលខេត្ត បានបន្តថា គម្រោងវិនិយោគកំពុងដំណើរការគាំទ្រ សន្យាគាំទ្រ និងគម្រោងមិនទាន់មានការសន្យាគាំទ្រ នៅក្នុងសិក្ខាសាលាសមាហរណកម្ម នាពេលនេះ គឺជាផែនការអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២២-២០២៤ សូមឲ្យមន្ត្រីពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍នានា ជំរុញការអនុវត្តគម្រោងនីមួយៗ ដែលបានសន្យាគាំទ្រអនុវត្តតាមកាលកំណត់។

ទន្ទឹមនឹងនេះមន្ទីរជំនាញ និងភ្នាក់ងារអភិវឌ្ឍន៍ ត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ស្ថាប័ន ឬធនធានដៃគូនានាបន្តការគាំទ្រ ដល់គម្រោងសកម្មភាពជាអទិភាព ក្រុង-ស្រុក និងឃុំ សង្កាត់ ។

លោក អ៊ុន ចាន់ដា ក៏បានជំរុញឱ្យអភិបាលក្រុង-ស្រុក ត្រួតពិនិត្យគម្រោងជាអទិភាព ដែលបានដាក់ក្នុងសិក្ខាសាលាសមាហរណកម្ម និងពិនិត្យឡើងវិញ តើគម្រោង ណាខ្លះបានទទួលការគាំទ្រ និងគម្រោងដែលមិនទាន់បានទទួលការគាំទ្រ និងត្រូវប្រើប្រាស់មូលនិធិរបស់ឃុំសង្កាត់ ដើម្បីដោះស្រាយបញ្ហាជាអតិភាពរបស់ប្រជាជន។
ត្រូវបន្តធ្វើការអភិវឌ្ឍជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តរភាព ចីរភាពបរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចធ្វើយ៉ាងណាឱ្យជីវភាពរស់នៅ ប្រជាពលរដ្ឋ មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខមាលភាព និងការងារអប់រំសិក្សាធិការ និងត្រូវបន្តផ្សព្វផ្សាយ គោលនយោបាយនិងវិធានការទាំងឡាយ របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអនុវត្តវិធានការ ៣កុំ និង ៣ការពារ ៕