(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការកាត់ទោសអស់ពេញមួយព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ តុលាការបានសម្រេចលើកពេលប្រកាសសាលក្រម សំណុំរឿងឆបោកប្រាក់ជាប្រព័ន្ធទៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ខាងមុខ។

សវនាការនេះបានដឹកនាំដោយលោកចៅក្រម ធាម ច័ន្ទពិសិដ្ឋ ដោយមានលោក ម៉ុត ដារា ជាតំណាងអយ្យការ បានសាកសួរដេញដោលក្រុមឧក្រិដ្ឋជន ទី១ឈ្មោះ ហ៊ាង សុងហេង និងឈ្មោះ លាស់ សុវណ្ណ ក្រោមបទចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង យោងតាមមាត្រា ៣៧៧ និង មាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត យោងតាមមាត្រា ៣៩៣ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបជូនថា កាលអំឡុងឆ្នាំ២០១៨ ក្រុមហ៊ុនជប៉ុនឈ្មោះ រីណិត ជប៉ុន (ខេមបូឌា) ឯ.ក បានជួលជនជាប់ចោទឈ្មោះ ហ៊ាង សុងហេង ឱ្យកាន់តួនាទីជា ប្រធានផ្នែកលក់ និងឈ្មោះ លាស់ សុវណ្ណ ជាជំនួយការផ្នែកលក់ ដើម្បីបំពេញការងារដោយទទួលខុសត្រូវពិនិត្យ លើការរៀបចំឯកសាររបស់អតិថិជន ដែលមកទិញរថយន្តបង់រំលស់ពីខាងក្រុមហ៊ុន ដោយសារតែមានតួនាទីគ្រប់គ្រងក្នុងការចរចាតម្លៃរបស់អតិថិជន ជាមួយខាងហ្គារ៉ាសលក់រថយន្ត ឬអ្នកលក់រថយន្ត (ការប្រគល់ឯកសារដើមដូចជា កាតគ្រីរថយន្ដ ឆៀករថយន្ដ គល់ម៉ាញ៉ែត និងក្រដាសពន្ធ) ក្នុងការទិញយករថយន្តពីការរ៉ាស់លក់រថយន្តនានា។

ក្រោយមកនៅក្នុងអំឡុងឆ្នាំ២០១៩ ក្រុមហ៊ុនបានសង្កេតឃើញថា ចំណូលរបស់ក្រុមហ៊ុនមានលក្ខណៈមិនប្រក្រតី និងបាត់បង់ប្រាក់ចំណូលដែលទទួល ពីខាងអតិថិជនជាច្រើន ដូចជាការបង់ប្រាក់មិនទាន់ពេលវេលាកំណត់ជាច្រើន និងការសងប្រាក់មកឱ្យក្រុមហ៊ុនដោយមានការខកខានក្នុងការបង់សង និងយឺតយ៉ាវជាខ្លាំង ជាហេតុដែលខាងក្រុមហ៊ុនមានការសង្ស័យ ក៏បានស្រាវជ្រាវ អតិថិជនផ្សេងៗជាច្រើនអ្នក។

ទើបពេលនោះក្រុមហ៊ុនបានដឹងថា អតិថិជនមួយចំនួនធំបានទូទាត់ប្រាក់ និងបង់តាមរយៈឈ្មោះ ហ៊ាង សុងហេង និងឈ្មោះ លាស់ សុវណ្ណ ជារៀងរាល់ខែ ប៉ុន្តែទាំងអ្នកពីរនេះ បានយកប្រាក់ទាំងនោះទៅប្រើប្រាស់ទុកជាប្រយោជន៍ផ្ទាល់ខ្លួន មិនបានប្រគល់ប្រាក់រំលស់ពីអតិថិជនមកក្រុមហ៊ុនវិញឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានពិនិត្យឃើញសកម្មភាពល្មើសច្បាប់ផ្សេងទៀតរបស់ឈ្មោះ ហ៊ាង សុងហេង ដែលបានទាំងក្លែងបន្លំរៀបចំដាក់ឯកសារទិញលក់រថយន្តជាច្រើនគ្រឿង ចូលក្នុងក្រុមហ៊ុន ដោយរូបភាពបំភាន់ ដាក់តម្លៃខ្ពស់ជាងតម្លៃទីផ្សារខាងក្រៅ និងរៀបចំឯកសារបន្លំលាក់បាំងពីស្ថានភាពពិតប្រាកដរបស់រថយន្តថាជា ប្រភេទរថយន្តថ្មីមានក្រដាសពន្ធ ប៉ុន្តែការពិតផ្ទុយទៅវិញជារថយន្តមួយទឹកដែលមានស្លាកលេខស្រាប់ទៅហើយក្នុងគោលបំណងដើម្បីកេងចំណេញ ផលប្រយោជន៍ពីខាងក្រុមហ៊ុនយកទៅធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យក្រុមហ៊ុនខាតបង់នូវទឹកប្រាក់អស់ជាច្រើន។

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន រីណិត ជប៉ុន (ខេមបូឌា) បានដាក់ពាក្យបណ្ដឹងជនជាប់ចោទឈ្មោះ ហ៊ាង សុខហេង និងឈ្មោះ លាស់ សុវណ្ណ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីស្វែងរកយុត្តិធម៌ និងទាមទារប្រាក់ចំនួន ១,៤០០,០០០ ដែលក្រុមហ៊ុនបានខាតបង់ត្រឡប់មកវិញ។

គួររម្លឹកថា ជនជាប់ចោទឈ្មោះ ហ៊ាង សុងហេង និងឈ្មោះ លាស់ សុវណ្ណ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីអំឡុងដើមខែកុម្ភៈ ឆ្នាំ២០២១ និងត្រូវតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នតាមផ្លូវច្បាប់៕