(កណ្ដាល)៖ ប្រជាពលរដ្ឋចំនួន១៨គ្រួសារ នៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ដែលមានដីសរុបជិត ២០ហិកតា ស្នើសុំលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មេត្តាជួយពិនិត្យលើករណីដែលប្រជាពលរដ្ឋស្នើសុំលិខិតកាន់កាប់ដីអាស្រ័យផលជិត២០ហិចតា របស់ពួកគាត់ក្រោយមានការលំបាកក្នុងកិច្ចការនេះ។
ការស្នើសុំបែបនេះ បានធ្វើឡើងនៅគ្រាដែលប្រជាពលរដ្ឋចំនួន១៨រូប បានមកដល់មុខសាលាខេត្តកណ្ដាលតែម្ដង ដើម្បីស្នើសុំលោកអភិបាលខេត្ត មេត្តាជួយពន្លឿននីតិវិធីនេះផង ក្រោយពលរដ្ឋបានដាក់លិខិតស្នើរសុំចូលតាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១មកម្ល៉េះ។
លោក វ៉ិត ក្ដាន់ និងលោក លុក យ៉េ តំណាងពលរដ្ឋទាំង១៨គ្រួសារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះថា ដីទំហំជិត២០ហិកតានេះ ពួកគាត់កាន់កាប់តាំងពីឆ្នាំ១៩៨០មកម្ល៉េះ ដោយបានអាស្រ័យផលដំណាំកសិកម្ម ជារៀងរហូតមកដល់បច្ចុប្បន្ន។ រហូតមកដល់ឆ្នាំ២០១៧ ពួកគាត់ក៏បានស្នើសុំទៅអាជ្ញាធរឃុំទឹកវិល ប៉ុន្តែអាជ្ញាធរពុំបានចេញលិខិតកាន់កាប់ទៅពួកគាត់នោះទេ ដោយប្រាប់ថាដីនេះជាអាងស្តុកទឹករបស់រដ្ឋទៅវិញ។
លោក វ៉ិត ក្ដាន់ និងលោក លុក យ៉េ បានបន្តថា «ដោយសារពួកគាត់មានជីវភាពមិនសូវធូរធារ ជាកសិករមានដីអាស្រ័យបន្តិចបន្តួចតាំងពីយូរឆ្នាំមកហើយ ដូច្នេះ មានតែស្នើសុំលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មេត្តាជួយពិនិត្យលើករណីនេះផង ដើម្បីពួកគាត់ទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់ ព្រោះដីក្នុងទឹកជុំវិញនោះទទួលបានប្លង់កម្មសិទ្ធិ តែដីរបស់ពួកគាត់ដែលជាដីចម្ការអាស្រ័យផលជារៀងរាល់ឆ្នាំបែជាត្រូវដកហូតធ្វើជាអាងស្តុកទឹកទៅវិញ»៕