(បន្ទាយមានជ័យ)៖ ជនជាតិចិនចំនួន៤នាក់ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឃាត់ខ្លួបានភ្លាមៗក្រោយបម្រុងលួចឆ្លងដែនចូលប្រទេសថៃ ដោយខុសច្បាប់ កាលពីវេលាម៉ោង២០៖៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ភូមិសាស្ត្រអូរព្រំដែន ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំង ទាំងអស់ល្បាតជាប់ជាប្រចាំ ២៤ម៉ោង លើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការល្អ ជាមួយកងកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករ លួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មិនឱ្យចូលទៅក្នុងសហគមន៍។
ជាក់ស្តែងយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកអនុសេនីយ៍ទោ ហួត ប៊ុនធឿន មេក្រុមគោលដៅដឹកនាំកម្លាំងដើរល្បាតក៏ជួប ជនជាតិចិនចំនួន៤នាក់ អ្នកនាំផ្លូវម្នាក់ និងម៉ូតូចំនួន១គ្រឿង បម្រុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឃាត់ខ្លួនបានតែម្តង។
សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួនបញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់៕