(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានទទួលអំណោយពីធនាគារចិន (Bank of China) ប្រចាំនៅកម្ពុជា រួមមានម៉ាស៊ីនបាញ់ថ្នាំចំនួន ៦គ្រឿង និងគ្រាប់ថ្នាំសម្លាប់មេរោគចំនួន១០កេស ដែលមានតម្លៃសរុបប្រមាណ ៥.៣០០ ដុល្លារអាម៉េរិក។
លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានមានប្រសាសន៍ថា ក្នុងតួនាទីជាអង្គភាពសម្របសម្រួលការងារសង្គមស៊ីវិលនៅកម្ពុជា វ.ស.ស. តែងតែខិតខំកៀរគរជំនួយសប្បុរសធម៌និងមនុស្សធម៌នានា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិល ក្នុងគោលដៅចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងបំពេញនូវតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជា ក្នុងស្មារតីចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អំណោយដែលផ្តល់ដោយធនាគារចិននេះ គឺជាការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជនក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា ក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធពីសំណាក់មូលនិធិចិន ដើម្បីសន្តិភាពនិង ការអភិវឌ្ឍប្រចាំនៅកម្ពុជាដែលជាអង្គការមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ វ.ស.ស.។
លោករដ្ឋលេខាធិការបានបន្ថែមថា អំណោយដ៏ថ្លៃថ្លានេះ មិនត្រឹមតែឆ្លុះបញ្ចាំងនូវឆន្ទៈខ្ពស់ក្នុងការចូលរួមចំណែកជាមួយអង្គការសង្គមស៊ីវិលនៅកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្ហាញនូវការតភ្ជាប់នៃបេះដូងរវាងប្រជាជននៃប្រទេសទាំងពីរ ដែលចេះជួយយកអាសាគ្នាក្នុងគ្រាដ៏លំបាកនេះ។