(ភ្នំពេញ)៖ បើទោះបីមានការតវ៉ាខ្លាំងពីក្រុមហសជីព និងសមាគមរោងចក្រកាត់ដេរយ៉ាងណាក្តី សេចក្តីព្រាងច្បាប់ ស្តីពីសហជីព ត្រូវ បានរដ្ឋសភាអនុម័តជាស្ថាព័រហើយ បន្ទាប់ពីបើកកិច្ចពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គ ពេញមួយកំណាត់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ ដោយសំឡេងគាំទ្រ ៦៧ លើ ៩៨សំឡេង។
ការសម្រេចនេះ បានធ្វើឡើង ដោយមានការបោះឆ្នោតគាំទ្រទំាងតំណាងរាស្រ្ត គណបក្សកាន់អំណាច និង គណបក្សប្រឆាំង។
សេចក្តីព្រាងច្បាប់ស្តីពីសហជីពមាន ១៧ជំពូក និង ៩១មាត្រា ត្រូវបានរៀបចំកែប្រែជាថ្មី ដោយគណបក្សប្រជាជនកម្ពុជា និងគណ បក្សសង្រ្គោះជាតិ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៦។ ការកែប្រែជាថ្មី ២១ចំណុចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមសហជីព និង និយោជកបានតវ៉ាសម្តែងការមិនពេញចិត្តចំពោះច្បាប់នេះ។
គួរបញ្ជាក់ថា ខណៈរដ្ឋសភាកំពុងប្រជុំសភាពេញអង្គ សហជីព និងអង្គការជាង២០ស្ថាប័នអង្គការសង្គមស៊ីវិល រួមជាមួយស្ថាប័ន ដែលពាក់ព័ន្ធជាង ២០០នាក់ បានឈរតវ៉ានៅមុខរដ្ឋសភា ដើម្បីទាមទារឲ្យរដ្ឋសភាដករបៀបវារៈស្តីពីសេចក្តីព្រាងច្បាប់សហជីព ចេញ ពីក្នុងកិច្ចប្រជុំ ប៉ុន្តែការតវ៉ានេះ បានរំសាយទៅវិញភ្លាមៗក្រោយពីមានការប៉ះទង្គិចគ្នាមួយប្រ៉ាវបណ្តាលឲ្យតំណាងសហជីព ម្នាក់រងរបួស។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបាន ប្រាប់អង្គភាព Fresh News ទៀតថា បើទោះបីជារដ្ឋសភាអនុម័តលើ សេចក្តីព្រាង ច្បាប់ សហជីពនេះក៏ដោយ លោកនឹងនៅតែស្វែងរកយុទ្ធសាស្រ្តផ្សេងៗដើម្បីតវ៉ានឹងច្បាប់ស្តីពីសហជីព ជាទ្រង់ទ្រាយធំបន្តទៀត៕