(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំកម្មវិធី «ប្រកួតនិយាយភាសាអង់គ្លេស ជាសាធារណៈ» ដែលមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតប្រមាណជាង ១៥០នាក់។
លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការរង ទទួលបន្ទុកថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានថ្លែងថា កន្លងមកសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ធ្លាប់បានរៀបចំកម្មវិធីនេះ ពីរដងរួចមកហើយ ដោយសង្កេតឃើញថាកម្មវិធីនេះ ទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់និស្សិតផ្នែកអក្សរសាស្រ្តអង់គ្លេស។
លោកបានបន្តទៀតថា កម្មវិធីនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ជាយាន និងផ្តល់ជាគន្លឹះ បទពិសោធន៍ដល់និស្សិត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាពិសេសផ្នែកអក្សរសាស្រ្តអង់គ្លេស ក្នុងការបង្ហាញពីចំណេះដឹង សមត្ថភាព ភាពក្លាហានក្នុងការប្រកួតប្រជែង ដើម្បីដណ្តើមយកជ័យលាភី ហើយលោកនឹងនៅតែបន្តគាំទ្រ យ៉ាងមុតមាំឲ្យមានកម្មវិធីនេះ បន្តទៀតនាពេលខាងមុខ។
នៅក្នុងការប្រកួតនេះមានបេក្ខជន បេក្ខនារីចំនួនប្រាំនាក់ ដែលត្រូវប្រកួតនិយាយភាសារអង់គ្លេស ក្រោមប្រធានបទ «ផែនដីកំពុងត្រូវបំផ្លាញ ដោយសកម្មភាពមនុស្ស»។
នៅចុងបញ្ចប់នៃការប្រកួត យើងរកបានបេក្ខជនឆ្នើម បីនាក់ដែលទទួលបានជ័យលាភី ដោយជ័យលាភីលេខ១ បានទៅលើបេក្ខជន ធារ៉ា សុមានិត ទទួលបានអាហាររូបករណ៏ ១០០% សិក្សាមិនបង់ថ្លៃរយៈពេលមួយឆ្នាំ ជ័យលាភីលេខ២ បានទៅលើបេក្ខនារី មួង សុវណ្ណារី ទទួលបានអារូបករណ៍ ៦០% លើថ្លៃសិក្សារយៈពេលមួយឆ្នាំ និងជ័យលាភីលេខ៣ បានទៅលើបេក្ខនារី ភី ស្រីល័ក្ខ ទទួលបានការបញ្ចុះថ្លៃសិក្សា ៣០% សម្រាប់សិក្សារយៈពេលមួយឆ្នាំ។
នៅចុងបញ្ចប់នៃកម្មវីធី មានការចូលរួមសម្តែងសិល្បៈ របស់ក្រុមនិស្សិតនៃក្លឹបអ្នកដឹកនាំវ័យក្មេង ( AEU Young Leader Club) នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលញ៉ាំងឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយក្រៃលែង ដើម្បីអបអរសាទរក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជិតឈានមកដល់ឆាប់ៗខាងមុខនេះ៕