(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នឹងផ្ទេរចូលទៅកាន់តំណែងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជំនួសលោក ត្រាំ អ៉ីវតឹក នៅថ្ងៃទី០៦ ខែមេសា និងផ្ទេរចេញពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦។
ពិធីផ្ទេរតំណែងចូលទៅកាន់ក្រសួងការសាធារណការ របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នឹងធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន។ ដោយឡែការផ្ទេរតួនាទីចេញពីក្រសួងពាណិជ្ជកម្មវិញ ត្រូវធ្វើឡើងក្រោមអធិបតីភាពឧបនាយករដ្ឋ មន្រ្តី ហោ ណាំហុង។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក កែន រដ្ឋា ថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៦។
លោក ស៊ុន ចាន់ថុល ធ្លាប់បានប្រកាសប្តេជ្ញាថា លោកនឹងប្រឹងប្រែងឲ្យសមត្ថភាព និង កម្លាំងកាយចិត្ត ដើម្បីធ្វើកំណែទម្រង់នៅក្នុង ក្រសួងសាធារណការ និង ដឹកជញ្ជូន ជាពិសេសវិស័យដឹកជញ្ជូន និងការផ្តល់សេវាធ្វើស្លាកលេខ ប័ណ្ណបើកបរ ក៏ដូចជាការសាងសង់ ផ្លូវ និង ស្តារឡើងវិញផ្លូវដែកជាដើម។
លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះ «ខ្ញុំត្រឡប់ទៅវិញនេះ ដើម្បីជួយធ្វើម៉េចឲ្យការផ្តល់សេវាឲ្យបានល្អ កសាងផ្លូវផ្នល់ ហេដ្ឋារចនា សម្ព័ន្ធឲ្យបានល្អ រៀបចំធ្វើយ៉ាងណាឲ្យប្រព័ន្ធដឹកជញ្ជូនយើងនេះមានតម្លៃទាបជាងមុន ដើម្បីយើងអាចប្រកួតប្រជែង ងាយស្រួល ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាយើងផង ក៏ដូចជាការនាំភ្ញៀវទេសចរជាដើម ធ្វើម៉េចឲ្យមានតម្លៃទាបយើងអាច ប្រកួតប្រជែងជាមួយគេបាន។ ដូច្នេះនេះជាកិច្ចការមួយ ដែលខ្ញុំត្រៀម និងប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងធ្វើឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ អស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីកែទម្រង់ក្រសួងសាធារណការ និង ដឹកជញ្ជូន ឲ្យបានជោគជ័យសម្រាប់ជាតិមាតុភូមិ»៕