(មណ្ឌលគិរី)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដផ្ដល់អំណោយមនុស្សធម៌ជូន លោកយាយ អាយុ១០០ឆ្នាំឡើង ចំនួន២នាក់បន្ថែមទៀត នៅស្រុកកែវសីមា និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បន្ទាប់ពីពួកគាត់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពី លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីផងដែរ។
លោកយាយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖
*ទី១៖ លោកយាយ ផាត់ មុំ អាយុ១០១ឆ្នាំ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
*២៖ លោកយាយ កៅ ស្នី អាយុ១០០ឆ្នាំ រស់នៅភូមពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកយាយទាំងពីររូប ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាព ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ និងមូលហេតុអ្វីដែលជំរុញឲ្យរូបគាត់ ទៅទទួលយកនូវការចាក់វ៉ាក់សាំង។
លោកយាយដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។
ពួកគាត់បានបង្ហាញនូវការយល់ឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺពិតមានជាសារៈសំខាន់ខ្លាំងណាស់សម្រាប់គាត់ បើទោះបីរូបគាត់ចាស់ជរាក៏ពិតមែន ប៉ុន្ដែវ៉ាក់សាំងអាចការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ បើទោះបីរូបគាត់ឆ្លងដោយប្រការណាមួយ ក៏មិនបណ្ដាលឲ្យឈឺធ្ងន់ធ្ងរនោះដែរ។
សូមជម្រាបថា រហូតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងនាមជាសេនាធិការជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោកស្រី ឱ វណ្ណឌីន បាននាំយកអំណោយមនុស្សធម៌របស់សម្ដេច ផ្ដល់ជូនលោកតា លោកយាយ ដែលមានអាយុ១០០ឆ្នាំឡើង បានចំនួន១២៨នាក់រួចហើយ ខណៈនៅមួយចំនួនទៀត នឹងយកទៅប្រគល់ជូនដល់ខ្នងផ្ទះជាបន្ដបន្ទាប់៕