(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ កម្លាំងនគរបាលបានបង្ក្រាបបទល្មើសគ្រឿង ដោយឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិន ជាបន្តបន្ទាប់ចំនួន៦នាក់ ព្រមទាំងដកហូតបានថ្នាំញៀនមួយចំនួន និងវត្ថុតាងមួយចំនួន ស្ថិតនៅចំណុច សង្កាត់០២-០៤ ក្រុង/ខេត្ដព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងនេះ បានធ្វើឡើងតាំងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំសម្របសម្រួលលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត រហូតឈានទៅបង្ក្រាបបក្ខពួកជាបន្តបន្ទាប់។
ជនសង្ស័យ ០៦នាក់ ជាជនជាតិចិន (ស្រី០១) រួមមាន៖
ទី១៖ ឈ្មោះ YANG KUN ភេទប្រុស អាយុ៣១ឆ្នាំ
ទី២៖ ឈ្មោះ CHEN YONG ភេទប្រុស អាយុ៣៥ឆ្នាំ
ទី៣៖ ឈ្មោះ ZHOU HONG ភេទស្រី អាយុ៣៤ឆ្នាំ
ទី៤៖ ឈ្មោះ FANZHANG WEI ភេទប្រុស អាយុ២៩ឆ្នាំ
ទី៥៖ ឈ្មោះHONG JIN HONG ភេទប្រុស អាយុ៤៩ឆ្នាំ
និងទី៦៖ ឈ្មោះCHAO FENG ភេទប្រុស អាយុ៣២ឆ្នាំ។
លោកស្នងការបានបញ្ជាក់ថា វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀន កេតាមីន ទំងន់ ៣៩២,៩៦ក្រាម, ថ្នាំញៀន Ice ទំងន់ ៤៦៨,៦៥ក្រាម, ថ្នាំញៀន WY ២៨៧គ្រាប់, កញ្ឆាក្រៀមចំនួន២កញ្ចប់តូច, ថ្នាំដបពណ៌មាសចំនួន២ដប, ជញ្ជីងថ្លឹងថ្នាំចំនួន០១គ្រឿង, រថយន្ត ០២ គ្រឿង និងទូរស័ព្ទ១០គ្រឿង។
បច្ចុប្បន្នជននេះ សង្ស័យទាំង៦នាក់ខាងលើ ត្រូវបានឃាត់ និងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ដើម្បីអនុវត្ដនីតិវិធីបន្ដ៕