(ភ្នំពេញ)៖ នៅសាលសហសិក្សា នៃសាកលវិទ្យាល័យ «ប៊ែលធីអន្តរជាតិ» រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ បានប្រារព្ធពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់(MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ជាមួយនិងសាកលវិទ្យាល័យ HOSEI មកពីប្រទេសជប៉ុន ក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងលោកសាស្រ្តាចារ្យ Yoshiro FUKUDA សាកលវិទ្យាធិការរងសាកលវិទ្យាល័យHOSEI។

លោក លី ណាវុឌ្ឍអគ្គនាយករង ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការរងទី១ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិបានឲ្យដឹងថា កន្លងមកសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់(MOU) ជាមួយនឹងសាកលវិទ្យាល័យនានានៅក្រៅប្រទេសមួយចំនួនរួចមកហើយដូចជា៖

ប្រទេសអង់គ្លេសមាន៖
-សាកលវិទ្យាល័យ Regent’s University London
-សាកលវិទ្យាល័យ York Saint John University
-មហាវិទ្យាល័យ Cambridge Tutors College
ប្រទេសម៉ាឡេស៊ីរួមមាន៖
-សាកលវិទ្យាល័យ Kuala LumpurUniversity
-សាកលវិទ្យាល័យ Taylor University
ប្រទេសកូរ៉េរួមមាន៖
 -អង្គការសម្ព័ន្ធយុវជនអន្តរជាតិIYF
-សាកលវិទ្យាល័យSangmyung University
សហរដ្ឋអាមេរិក៖
 -មហាវិទ្យាល័យShoreline Community College
ប្រទេសសិង្ហបូរី៖
-វិទ្យាស្ថានEast Asia Institute of Management (EASB)
ប្រទេសចិនរួមមាន៖
-សាកលវិទ្យាល័យYoujiang Medical University
-សាកលវិទ្យាល័យ Guilin University of Technology
-សាកលវិទ្យាល័យ Guilin Medical University
-សាកលវិទ្យាល័យGuagxi University of Foreign Language
-សាកលវិទ្យាល័យGuagxi University of Nationalities!

ជាងនេះទៅទៀត ប៊ែលធីក៏មានមជ្ឈមណ្ឌលតេស្តអន្តរជាតិចំនួន២គឺ TOEFL iBT ពីស្ថាប័នETSសហរដ្ឋអាមេរិកនិង IELTSពីBritish Council UK។ ជាលទ្ធផលប៊ែលធីបាន បញ្ជូននិស្សិតទៅសិក្សា នៅក្រៅប្រទេសសរុបចំនួន៤១នាក់ក្នុងនោះ ទៅចក្រភពអង់គ្លេសចំនួន១១នាក់ ប្រទេសសិង្ហបូរីចំនួន២៩នាក់ និងប្រទេសចិនចំនួន០១នាក់។ ហើយថ្ងៃនេះសាកលវិទ្យាល័យប៊ែលធីអន្តរជាតិក៏ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU)ជាមួយសាកលវិទ្យាល័យHOSEIដែលមកពីប្រទេសជប៉ុនក្នុងគោលបំណងផ្លាស់ប្តូរកម្មវិធីសិក្សា និងបទពិសោធន៍ពីគ្នាទៅវិញទៅមកក៏ដូចជា កម្មវិធីផ្លាស់ប្តូរនិសិ្សតទស្សនកិច្ចសិក្សាផ្សេងៗ និងជាពិសេសប៊ែលធីគ្រុប បានជ្រើសរើសសាកលវិទ្យាល័យជាដៃគូល្អៗ ដែលមានតម្លៃសមរម្យដើម្បីបំពេញសេចក្តីត្រូវការ ជូនមាតាបិតាអាណាព្យាបាលសិស្ស-និស្សិត ដែលចង់បញ្ជូនបុត្រធីតារបស់ខ្លួន ឲ្យទៅសិក្សានៅក្រៅប្រទេសតាមរយៈប៊ែលធីទំនាក់ទំនងអន្តរជាតិប្រកបដោយគុណភាពនិងការទទួលខុសត្រូវខ្ពស់។បន្ទាប់មកលោកសាស្រ្តាចារ្យ Yoshiro FUKUDA សាកលវិទ្យាធិការរងសាកលវិទ្យាល័យ HOSEIបានធ្វើការចាប់អារម្មណ៍ថា លោកមានក្តីសប្បាយរីករាយណាស់ដោយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ(MOU)ជាមួយនឹងសាកលវិទ្យាល័យ HOSEIនាពេលនេះ។

ដោយមើលឃើញថាសាកលវិទ្យាល័យប៊ែលធីអន្តរជាតិមានកម្មវិធីសិក្សាដែលមានលក្ខណៈជាអន្តរជាតិនិងជាគ្រឹះស្ថានអប់រំឯកជនមួយដែលឈានមុខគេនិងល្បីឈ្មោះជាងគេនៅកម្ពុជាព្រោះសិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាពីប៊ែលធី សុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់ទាំងផ្នែកចំណេះដឹងទូទៅ និងភាសាហើយអាចធ្វើការប្រកួតប្រជែង ក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះដែរ លោក លី ឆេង បានថ្លែងថា ថ្ងៃនេះសាកលវិទ្យាល័យក៏បានចុះអនុស្សារណៈយោគយល់បន្ថែមមួយទៀតជាមួយនឹងសាកលវិទ្យាល័យHOSEIមកពីប្រទេសជប៉ុន ក្នុងគោលបំណងបញ្ជូនសិស្ស-និស្សិតពីកម្ពុជា ឲ្យទៅសិក្សានៅទីនោះសំដៅធ្វើយ៉ាងណាអោយសិស្ស-និស្សិត ទទួលបាននូវចំណេះដឹងនិងជំនាញដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិនិងដើម្បីក្លាយទៅជាអ្នកដឹកនាំល្អទៅថ្ងៃអនាគត និងបានស្វែងយល់ពីវប្បធម៌និងអរិយធម៌បរទេសផងដែរ។ ជាទីបញ្ចប់លោក លីឆេងនិងលោកសាស្រ្តាចារ្យ Yoshiro FUKUDA បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា និងបានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នា ទៅវិញទៅមកនាពេលនោះផងដែរ៕