(បន្ទាយមានជ័យ)៖ ជំនន់ទឹកភ្លៀង និងទឹកជន់ធ្លាក់ពីប្រទេសថៃ បន្តជន់លិចកាន់តែខ្លាំងនៅតាមបណ្តាក្រុង-ស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសក្នុងស្រុកមង្គលបុរីតែម្តង។ ផ្ទះប្រជាពលរដ្ឋរាប់រយខ្នង បានរងផលប៉ះពាល់ និងជន់លិច។
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ លោកទេសដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាសេនាធិការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកម្លាំងសង្គ្រោះចម្រុះចុះទៅតាមកន្លែងជន់លិច និងជួយជម្លៀសប្រជាពលរដ្ឋជន់លិចក្នុងស្រុកមង្គលបុរី មកកាន់ទីទួលសុវត្ថិភាព ដែលបានរៀបចំក្នុងឃុំបត់ត្រង់ ស្រុកមង្គលបុរី។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់ Fresh News មានប្រជាពលរដ្ឋច្រើនរយគ្រួសារហើយបានរងផលប៉ះពាល់ និងជន់លិច។ ប៉ុន្តែប្រជាពលរដ្ឋដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព គឺអ្នកលិចខ្លាំង ហើយមិនអាចបន្តស្នាក់នៅលើផ្ទះបាន។ ដោយឡែកប្រជាពលរដ្ឋដែលមានផ្ទះខ្ពស់អាចស្នាក់នៅបន្តបាន គឺមិនទាន់ជម្លៀសឡើងទីទួលសុវត្ថិភាពនៅឡើយនោះទេ។
ស្រុកមង្គលបុរី បានក្លាយទៅជាទីតាំងមួយដែលរងការជន់លិចខ្លាំងជាងគេក្នុងរយៈពេលប៉ុន្មានថ្ងៃ។ បើទោះបីជាយ៉ាងណា មន្ត្រីគណៈកម្មាធិការជាតិគ្រង់គ្រងគ្រោះមហន្តរាយ រួមជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើការងារសង្គ្រោះប្រជាពលរដ្ឋ រួមមានទាំងការរៀបចំបោះតង់ ដើម្បីឱ្យពលរដ្ឋស្នាក់នៅបណ្តោះអាសន្នជាដើម។ បន្ថែមពីលើនោះ ដោយសារតែខេត្តបន្ទាយមានជ័យ ជាខេត្តកំពុងរងការរាតត្បាតដោយជំងឺកូវីដ១៩ធ្ងន់ធ្ងរផងដែរនោះ ការរៀបចំតង់ឱ្យពលរដ្ឋស្នាក់នៅបណ្តោះអាសន្ននេះ បានរៀបចំទៅតាមវិធានសុខាភិបាលក្នុងការបង្ការការចម្លងជំងឺកូវីដ១៩ផងដែរ ដោយមានការរក្សាគម្លាត ដោយឱ្យពលរដ្ឋស្នាក់នៅឆ្ងាយៗ និងដាច់ដោយឡែកពីគ្នា។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាផ្នែក ជាច្រមុះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឈរជើងជាប់ជាប្រចាំនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីដឹកនាំការគ្រប់គ្រង និងដោះស្រាយលើបញ្ហាគ្រោះទឹកជំនន់។ លោកទេសរដ្ឋមន្ត្រី បានអះអាងថា ស្ថានភាពទឹកជំនន់ គាប់ជួនជាមួយនឹងស្ថានភាពកូវីដ១៩ កំពុងរីករាលដាលផងនោះ គឺជាការលំបាកផ្ទួនៗសម្រាប់អាជ្ញាធរ និងរាជរដ្ឋាភិបាលកម្ពុជា ក៏ប៉ុន្តែរាជរដ្ឋាភិបាល និងអាជ្ញាធរ នៅតែបន្តប្រកាន់ខ្ជាប់ស្មារតីសង្គ្រោះយ៉ាងមុះមុត ក្នុងការជួយដល់ប្រជាពលរដ្ឋដោយគ្មានការរួញរានោះឡើយ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ «តាមបទបញ្ជាយ៉ាងដាច់ណាត់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺយើងឈរជើងនៅទីនេះយ៉ាងអង់អាច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរបស់យើង។ មកដល់ពេលនេះមិនទាន់មានពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិត ព្រោះតែយើងមិនបានជួយនោះឡើយ។ យើងបានចុះល្បាតជាប់ជាប្រចាំនៅកន្លែងជន់លិច ហើយយើងបានជម្លៀសពលរដ្ឋដែលរងការលិចខ្លាំង។ យើងនៅជាមួយប្រជាពលរដ្ឋរបស់យើង នេះជាស្មារតីរបស់សម្តេចតេជោ ទោះលំបាកយ៉ាងណាក៏យើងមិនបោះបង់សមរភូមិសង្គ្រោះរបស់យើងជាដាច់ខាត»។
សូមបញ្ជាក់ដែរថា មកដល់ម៉ោងនេះកម្លាំងសង្គ្រោះជាច្រើនទាំងកម្លាំងរបស់គណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កងទ័ពពីយោធភូមិភាគទី៥ និងទី៤ កម្លាំងនគរបាល និងកម្លាំងពាក់ព័ន្ធជាច្រើនទៀត ត្រូវបានដាក់ពង្រាយនៅក្នុងខេត្តបន្ទាយមានជ័យ។ ពួកគេបានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចក្នុងការជួយដល់ប្រជាពលរដ្ឋពីការជន់លិច។
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីប្រទេសថៃ បានប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣០ឃុំ-សង្កាត់។ ប៉ះពាល់ប្រជាជនប្រមាណ ៨,៥១១គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៩៣០គ្រួសារ។
គ្រោះមហន្តរាយធម្មជាតិនេះ បានលិចស្រូវប្រមាណ ២៥,២២៣ហិកតា និងដំណាំរួមផ្សំ ប្រមាណ ៣០១ហិកតា។ ប្រជាជននៅទួលសុវត្ថិភាព បានទទួលជំនួយសង្គ្រោះបន្ទាន់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រប់ចំនួន៕