(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខ យោធិនពិការ មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
ថ្លែងក្នុងឱកាសនោះនាយឧត្តមសេនីយ៍ អ៉ី ឈាន បានផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាស្ថាបនិកឯក នៃសន្តិភាព និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់យោធិនពិការ រួមទាំងក្រុមគ្រួសារនៅគ្រប់ទីកន្លែងដោយបានជួយឧបត្ថម្ភគាំទ្រ សំដៅធ្វើយ៉ាងណាឱ្យបងប្អូន មានជីវភាពកាន់តែប្រសើរឡើងនោះ ជាពិសេសក្នុងឱកាសបុណ្យទានម្តងៗ បើទោះជាមានការយាយីពីកូវីដ១៩ ក៏ដោយ។
នាយឧត្តមសេនីយ៍ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋយោធិនពិការទាំងអស់ កុំធ្វេសប្រហែសមើលស្រាលលើជំងឺកូវីដ១៩ ឱ្យសោះ ព្រោះជំងឺនេះនៅតែជាជំងឺឆ្លងរាតត្បាតយ៉ាងកាចសាហាវបំផុត ដែលគ្មានថ្នាំព្យាបាលនៅឡើយទេ មកទល់ថ្ងៃនេះ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រើប្រាស់ម៉ាស់ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ហើយកុំទៅទីប្រជុំជន ដែលមានមនុស្សច្រើនបើគ្មានការចាំបាច់អ្វីទេនោះ។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ក៏បាននាំយកគ្រឿងឧបភោគ បរិភោគរួមមាន៖ អង្ករ មី ត្រីខ ទឹកបរិសុទ្ធ ភេសជ្ជៈ ម៉ាស់ អាល់កុល និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចពិជ័យសេនា ទៀ បាញ់ និងរបស់លោកផ្ទាល់ប្រគល់ជូនយោធិនពិការនៅមណ្ឌល៣១៧ផងដែរ៕