(ស្វាយរៀង)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានប្រើហិង្សាទាញកាំបិតប៉័ងតោ កាប់ឪពុករបស់ខ្លួនបណ្ដាលឱ្យរងរបួសគ្រាន់តែរឿងណែនាំស្តីបន្ទោសបន្តិចបន្តួច។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅភូមិថ្នា ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាកូនមានឈ្មោះ កែវ ដារ៉ា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្នា ឃុំគ្រួស ស្រុកស្វាយជ្រំ។ ចំណែកឯឪពុករងគ្រោះមានឈ្មោះ កែវ សុផល អាយុ៦១ឆ្នាំ មុខរបរកសិកររស់នៅផ្ទះជាមួយគ្នាត្រូវរបួសចំនួន ២កាំបិតប៉័ងតោ បណ្តាលឱ្យរងរបួសយ៉ាងដំណំ។
បើតាមអ្នកភូមិបានឱ្យដឹងដែរថា មុនពេលកើតហេតុជនសង្ស័យ ត្រូវបានឪពុកស្តីបន្ទោសបន្តិចបន្តួចដោយមិនបានខិតខំធ្វើការផ្ទះ និងដើរលេងទើបមានទំនាស់ពាក្យសំដីស្រាប់តែជនសង្ស័យ មានអាការៈខឹងសម្បារក៏ស្ទុះទាញ បានកាំបិតប៉័ងតោ កាប់ឪពុកទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចមកអន្តរាគមន៍ឃាត់ខ្លួនបានតែម្ដង។
សូមបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចបញ្ជូនមកអធិកាដ្ឋាននគរបាលស្រុកស្វាយជ្រំ និងបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕