(រតនគិរី)៖ ដីព្រៃសហគមន៍ច្រើនហិកតាស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី កំពុងរងការកាប់ទន្ទ្រានធ្វើកម្មសិទ្ធិឯកជនយ៉ាងអនាធិបតេយ្យ។ នេះបើយោងតាមលោក ព្រាប រស្មី ប្រធានសហគមន៍ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh Newsនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោក ព្រាប រស្មី បានបញ្ជាក់ថា «តំបន់ដែលរងការកាប់ទន្ទ្រាននេះ ស្ថិតនៅចំណុចភ្នំពក ដែលជាព្រៃសហគមន៍របស់ភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។ តំបន់នេះមានផ្ទៃដីដែលបោះបង្គោលព្រំប្រទល់ជាង៤០០ហិកតា»។
លោកបន្តថា ក្រោយទទួលព័ត៌មានខាងលើនេះ ក្រុមការងាររបស់លោក បានចុះទៅហាមឃាត់ប្រជាពលរដ្ឋនៅតំបន់នោះ កុំឱ្យកាប់ទន្ទ្រានតែពួកគេមិនបានស្ដាប់ការណែនាំរបស់សហគមន៍ឡើយថែមទាំងគំរាមពួកគាត់ទៀត។ លោកបានធ្វើរបាយការណ៍ទៅប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកមេឃុំរួចរាល់ផងដែរ។ បន្ថែមពីនេះ លោកបានស្រង់ឈ្មោះអ្នកដែលចូលកាប់ទន្ទ្រានដីសហគមន៍មួយចំនួនរួចហើយ ព្រមទាំងបានធ្វើរបាយការណ៍ជូនទៅអាជ្ញាធរដែរ។
ទន្ទឹមនោះដែរលោក ង៉ែត សុភឿន មេឃុំត្រពាំងច្រេស បានឆ្លើយតាមទូរស័ព្ទយ៉ាងខ្លីថា៖ «ទាក់ទងករណីកាប់ទន្ទ្រានដីព្រៃសហគមន៍យកធ្វើកម្មសិទ្ធិនេះ លោកបានដឹងហើយ តែលោកជាប់រវល់ពីបញ្ហាទប់ស្កាត់ នៃជំងឺកូវីដ១៩»។
ដោយឡែកលោក សេក ហៃ អភិបាលស្រុកកូនមុំ ក៏បានបញ្ជាក់នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២១នេះថា៖ «បន្ទាប់ពីមានសេចក្ដីរាយការណ៍ លោកបានចាត់កម្លាំងចុះទៅចំនួន២លើក ហើយដោយលើកទី១ទៅមិនបានដល់គោល ដៅនោះទេ ដោយសារភ្លៀងធ្លាក់ខ្លាំងហើយផ្លូវពិបាកធ្វើដំណើរតែលើកទី២ គឺបានទៅដល់គោលដៅដោយពិតប្រាកដឃើញទិដ្ឋភាពកាប់ទន្ទ្រានដីពិតប្រាកដមែន ពេលនេះអាជ្ញាធរស្រុកកំពុងរៀបចំនីតិវិធី ស្រាវជ្រាវរកអ្នកដែលចូលកាប់ទន្ទ្រាន»។
លោកកអភិបាលស្រុករូបនេះ បានឲ្យដឹងទៀតថា ចំពោះក្រុមឆ្លៀតឱកាស មិនមែនតែកាប់ទន្ទ្រានតែមួយកន្លែងហ្នឹងទេនៅក្នុងឆ្នាំ២០២១នេះ ដោយប្រទេសជាតិកំពុងជួបវិបត្តិជំងឺកូវីដ១៩ ហើយអាជ្ញាធរកំពុងមមាញឹកក្នុងការបង្ការ និងទប់ស្កាត់ ក្រុមឆ្លៀតឱកាសតែងតែឆ្មក់លួចកាប់ស្ទើរគ្រប់ឃុំយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែទោះជាយ៉ាងណា លោកក៏បានរៀបចំកម្លាំងចុះតាមដានគ្រប់ឃុំទាំងអស់ ក្នុងស្រុកដើម្បីស្រាវជ្រាវរកទីតាំងដែលកាប់ទន្ទ្រានថាតើ ដីនោះគឺជាដីមានប្លង់ ឬក៏ដីរបស់រដ្ឋដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
នៅក្នុងឱកាសនោះលោក ហុង ភា នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី បានឱ្យដឹងនៅថ្ងៃដដែលថា ចំពោះការកាប់ទន្ទ្រានដីព្រៃសហគមន៍ យកធ្វើកម្មសិទ្ធិខាងលើលោកនឹងរៀបចំកម្លាំងចុះទៅពិនិត្យនៅពេលឆាប់ៗខាងមុខនេះ ដើម្បីវែកមុខរកជនល្មើសឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ និងវែកមុខរកជននៅពីក្រោយខ្នង។
ប៉ុន្តែរឿងដែលក្តៅជាងនោះទៅទៀត ប្រភពព័ត៌មានដោយឡែកផ្សេងទៀត បានខ្សឹបប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរីថា មានអ្នកមានលុយមួយចំនួនរស់នៅក្រុងបានលុង គប់គិតគ្នាផ្តល់លុយជាច្រើនឱ្យ សមត្ថកិច្ចខិលខូចមួយចំនួន ខ្ចីដៃប្រជាពលរដ្ឋធ្វើជាខែលចូលកាប់ទន្ទ្រានយកដីធ្វើកម្មសិទ្ធិ ហើយសកម្មទាំងនេះច្រើនប្រព្រឹត្តទៅនៅពេលយប់ផងដែរ៕