(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបើកកិច្ចពិភាក្សា និងពិនិត្យទៅលើច្បាប់ស្តីពីការវិនិយោគ និងមាត្រា១៨ថ្មី នៃច្បាប់ស្តីពីសវនកម្ម។

កិច្ចពិភាក្សានេះធ្វើឡើងក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងមានការយាង និងអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។ កិច្ចពិភាក្សានេះ ក៏មានការចូលរួមបំភ្លឺពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អមដោយលោកស្រី ដើម្បីបំភ្លឺលើអត្ថបទច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងសហការី បានបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញ ពីការវិវត្តនៃដំណើររៀបចំសេចក្តីព្រាងអត្ថបទច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជានេះ។ ជាពិសេសគោលដៅ គោលបំណង និងមូលហេតុសំខាន់ៗ និងភាពចាំបាច់មួយចំនួនដែលឈានទៅដល់ការស្នើសុំធ្វើវិសោធនកម្មច្បាប់នេះ។

នៅព្រឹកថ្ងៃដដែលនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានអញ្ជើញលោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី មកបំភ្លឺចំពោះមុខក្រុមប្រឹក្សាធម្មនុញ្ញ លើអត្ថបទច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញ អំពីតម្រូវការចាំបាច់របស់កម្ពុជា ក្នុងការរៀបចំអត្ថបទច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជានេះ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃការវិនិយោគ និងការរីកចម្រើននៃសេដ្ឋកិច្ច ព្រមទាំងបានឆ្លើយនូវសំណួរពាក់ព័ន្ធមួយចំនួនទៀតដែលបានចោទសួរដោយក្រុមប្រឹក្សាធម្មនុញ្ញ។

សូមបញ្ជាក់ថា ច្បាប់ទាំងពីរខាងលើនេះ ត្រូវបានរដ្ឋសភាអនុម័តក្នុងកិច្ចប្រជុំពេញអង្គកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។

បើតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋសភានាពេលកន្លងទៅ បានគូសបញ្ជាក់ថា ច្បាប់នេះ នឹងផ្តល់លទ្ធភាពកាន់តែប្រសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងរួមចំណែកជាមួយតំបន់ និងសកលលោក សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេសសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នឹងក្លាយជាក្របខ័ណ្ឌស្នូលសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគតំបន់ ដោយពង្រីកបន្ថែមទៀតនូវខ្សែច្រវាក់តម្លៃតំបន់ និងនាំមកនូវឱកាសទីផ្សារ និងការងារសម្រាប់អាជីវកម្ម និងប្រជាជននៅក្នុងប្រទេស និងតំបន់។

ក្នុងនោះច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់ថ្មីមួយ ដែលត្រូវផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ច្បាប់នេះ នឹងទាក់ទាញលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាតាមរយៈការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយ ដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គមសេដ្ឋកិច្ច។

សូមបញ្ជាក់ផងដែរថា យោងតាមបទប្បញ្ញត្តិនៃមាត្រា២១ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញ មានសិទ្ធិអញ្ជើញជនណាម្នាក់ ឬច្រើននាក់មកបំភ្លឺ ឬផ្តល់ឯកសារដែលពាក់ព័ន្ធបាន។ បុគ្គលគ្រប់រូប ស្ថាប័នរដ្ឋ ឬឯកជនទាំងឡាយ ត្រូវគោរព និងប្រតិបត្តិតាមការអញ្ជើញ និង ការស្នើសុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។

យោងតាមប្រការ ៣ថ្មី និងប្រការ៤ នៃបទបញ្ជាផ្ទៃក្នុងស្តីពីនីតិវិធីដែលត្រូវអនុវត្តនៅមុខក្រុមប្រឹក្សាធម្មនុញ្ញចែងថា ក្រោយពេលចុះបញ្ជីរួច ប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបញ្ជូនសំណើទាំងនោះទៅសមាជិករាយការណ៍ក្នុងក្រុមណាមួយនៃក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យ។ ក្រុមនីមួយៗនៃក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិក ០៣រូប ដែលមួយរូបជាសមាជិកតែងតាំងដោយព្រះមហាក្សត្រ មួយរូបជាសមាជិកជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងមួយរូបទៀតជាសមាជិកជ្រើសតាំងដោយរដ្ឋសភា៕