(កម្ពុជា-ឡាវ)៖ លោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការការពារគ្រប់គ្រងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ របស់ឡាវ បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០ម៉ឺនដូសដល់រដ្ឋាភិបាល និងប្រជាជនឡាវ។ លោករដ្ឋមន្ត្រី បានហៅការផ្តល់ជំនួយនេះ ជាការចែករំលែកដ៏ធំធេង ហើយវ៉ាក់សាំងនេះ នឹងជួយឡាវសម្រេចគោលដៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបាន ៥០ភាគរយនៅដំណាច់ឆ្នាំ២០២១។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវ បានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០ម៉ឺនដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

មួយរយៈចុងក្រោយនេះប្រទេសឡាវ បាននិងកំពុងរងការរាតត្បាតដោយសារជំងឺកូវីដ១៩ គួរឱ្យកត់សម្គាល់។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារសំខាន់ណាស់សម្រាប់រដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងនៅព្រំដែនកម្ពុជា-ឡាវ នាច្រកទ្វារព្រំដែនត្រពាំងក្រៀល-ណុងណុកខៀន លោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានព្រួយបារម្ភ និងបានផ្តល់ជំនួយដ៏មានតម្លៃជូនចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនឡាវនាពេលនេះ។

រដ្ឋមន្ត្រីសុខាភិបាលរូបនេះ បានគូសបញ្ជាក់ថា «ខ្ញុំបាទសូមវាយតម្លៃខ្ពស់ ចំពោះការផ្តល់ជំនួយដល់មានន័យសំខាន់ ព្រោះបើទោះជាប្រទេសកម្ពុជា បានទទួលរងផលប៉ះពាល់ពីការឆ្លងរាលដាលជំងឺកូវីដ១៩ ដូចគ្នា តែរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានបែងចែកជំនួយដ៏មានតម្លៃ និងទាន់ពេលមកឱ្យរដ្ឋាភិបាល និងប្រជាជនឡាវ ដែលនេះបានបង្ហាញឱ្យឃើញពីចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និតក្នុងនាមប្រទេសភូមិផង របងជាប់គ្នា ដែលជាប្រពៃណីដ៏ល្អប្រសើរមានតាំងពីយូរលង់មក និងកិច្ចសហប្រតិបត្តិការ ព្រមទាំងជាដៃគូរគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលកាន់តែពង្រីកពង្រឹងចេញផ្លែផ្កា»។

លោករដ្ឋមន្ត្រី បានបង្ហាញជំនឿចិត្តថា ជំនួយវ៉ាក់សាំងទាំងនេះ នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលប្រទេសឡាវ កំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ននេះ និងនាំឱ្យប្រទេសឡាវ ឈានដល់គោលដៅចាក់វ៉ាក់សាំង ឱ្យបាន៥០ភាគរយ នៃប្រជាពលរដ្ឋឡាវទាំងអស់ នៅចុងឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី ក៏បានរំឮកឡើងថា ប្រទេសឡាវ-កម្ពុជា តែងតែផ្តល់ជំនួយជួយគ្នាទៅវិញទៅមក តាំងពីយូរលង់ណាស់មកហើយ គឺមិនមែនត្រឹមតែការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះទេ។ ជាពិសេសនៅដំណាក់កាលតស៊ូរំដោះប្រទេសជាតិពីនឹមអាណានិគមនិយម ដើម្បីទាមទារឯករាជ្យមកវិញ។ កម្ពុជា-ឡាវ បានរួមគ្នាតស៊ូជួយគ្នាទៅវិញទៅមក ដែលមិនអាចកាត់ផ្តាច់គ្នាបាន រហូតទទួលបានឯករាជ្យជាតិរៀងៗខ្លួនជាដើម។

លោករដ្ឋមន្ត្រី បានបន្ថែមថា ជាក់ស្តែងនៅក្នុងដំណាក់កាលនេះ នៅពេលប្រទេសឡាវ កំពុងប្រឈមមុខជាមួយហានិភ័យ ដែលបង្កឡើងដោយគ្រោះថ្នាក់ធម្មជាតិ រដ្ឋាភិបាល និងប្រជាជនកម្ពុជា បានផ្តល់ជំនួយបានយ៉ាងទាន់ចិត្តជួយរដ្ឋាភិបាល និងប្រជាជនឡាវ ចំណុចនេះ គឺជាមូលដ្ឋានក្នុងការរឹតចំណង និងបង្កើនទំនាក់ទំនង ពង្រីកកិច្ចសហប្រតិបត្តិការដែលមានជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រីសុខាភិបាលឡាវ បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ នឹងទទួលបានជ័យជំនះលើការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងម៉ត់ចត់។

សូមបញ្ជាក់ថា ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០ម៉ឺនដូសនាព្រឹកមិញនេះ ជាជំនួយលើកទី២ ដែលកម្ពុជា បានផ្តល់ទៅកាន់ប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ កម្ពុជា ក៏បានផ្តល់ម៉ាស់ និងជំនួយបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសឡាវផងដែរ។ ជំនួយនាពេលនោះរួមមាន៖ ម៉ាស់ ២លាន, ម៉ាស់ក្រណាត់ចំនួន ២០ម៉ឺន, ម៉ាស់ N95 ចំនួន ២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន ២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូផងដែរ៕