(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបេីកវគ្គបណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពគណៈគ្រប់គ្រងអង្គភាពសាធារណៈដល់មន្រ្តីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធ តាមប្រព័ន្ធអនឡាញ។

ពីធីបេីកវគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានសិក្ខាកាមចូលរួមដោយផ្ទាល់ និងពីចំងាយសរុបចំនួន១១២នាក់។

លោក ស្រ៊ាង ផានិត ប្រធាននាយកដ្ឋានបណ្តុះបណ្តាល បន្តនៃសាលាភូមិន្ទរដ្ឋបាល បានស្វាគមន៍ និងរបាយការណ៍ពីកិច្ចសហការរៀបចំរវាងក្រុមការងារដោយមានការគាំទ្រពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ ធ្វេីឱ្យការរៀបចំវគ្គបណ្តុះបណ្តាលអាចដំណេីរការទៅបានដោយលូន មានរយៈពេល១៥០ម៉ោង មានការសិក្សាទ្រឹស្តី ចែករំលែកបទពិសោធន៍ ពីថ្នាក់ដឹកនាំក្រសួងស្ថាប័ន អង្គភាព។

ថ្លែងក្នុងនាម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងនូវការកោតសសេីរដល់កិច្ចខិតខំរបស់ក្រុមការងារស្ថាប័នទាំងពីរ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសាលាភូមិន្ទរដ្ឋបាល បានរៀបចំបានវគ្គបណ្តុះបណ្តាលស្តីពី ការកសាងសមត្ថភាពគណៈគ្រប់គ្រងអង្គភាពសាធារណៈ ដ៏មានសារសំខាន់ និងផ្ទេរចំណេះដឹងចែករំលែកបទពិសោធន៍ពីការងាររដ្ឋបាលគ្រប់គ្រងដល់សិក្ខាកាមទាំងអស់ហើយយកចំណេះដឹងទាំងអស់នោះទៅចូលរួមជួយអភិវឌ្ឍន៍អង្គភាពរបស់ខ្លួនឱ្យមានការរីកចម្រេីន។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា៖ «យើងចូលមកដល់ទីនេះគឺត្រូវប្រកាន៉ខ្ជាប់នូវទិសស្លោករបស់សាលាភូមិន្ទរដ្ឋបាលមានវិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍ ដែលជាគ្រឹះសម្រាប់សិក្ខាកាមទាំងអស់មានយ័ន្តការពារខ្លួនជួយដាស់តឿនតម្រង់ទិសដើម្បីបានក្លាយជាមន្រ្តីល្អនិងមានសក្តានុពលសម្រាប់ក្រសួង ស្ថាប័ន អង្គភាពរបស់ខ្លួន»

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានសំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវបន្តចូលរួមអនុវត្តវិធានការ «៣ការពារ ៣កុំ» ប្រឆាំងកូវីដ១៩ និងប្រល័យជំងឺកូវីដ១៩ឱ្យរលាយបាត់ពីកម្ពុជា ព្រមទាំង ៣កុំ និង១ រាយការណ៍ ប្រហារគ្រឿងញៀន ដើម្បីសហគមន៍មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅបានសុខសាន្ត៕